មង្គលមិនមែនបានមកដោយការអុជទៀនធូបបួងសួង បន់ស្រន់សុំពីព្រះអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើជាក់ស្តែង ។
នៅក្នុងមង្គលសូត្រទី១៤ព្រះបរមសាស្តាត្រាស់សម្តែងថា អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ជាមង្គលដ៏ឧត្តម ។
កិច្ចការមិនច្របូកច្របល់បានដល់ការចេះបែងចែកប្រភេទការងារឱ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់គឺមិនទុកការងារចោលកណ្តាលទី ។ អ្នកដែលធ្វើការមិនច្របូកច្របល់ គឺជាអ្នកដែលមានសេចក្តីព្យាយាមម៉ឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។
ធ្វើបានយ៉ាងនេះ ពិតជានាំមកនូវសេចក្តីចម្រើនជាលំដាប់ ។ ហេតុនេះទើបលោកពោលថា ការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ