ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីម្នាក់បើកហ្គាសអុចបារី បណ្តាលឲ្យឆាបឆេះផ្ទះខ្លួនឯងអស់មួយខ្នងហ្មត់មួយប៉ប្រិចភ្នែក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកជួយពន្លត់ ប៉ុន្តែពន្លត់មិនទាន់ទើបសមត្ថកិច្ចមកជួយទាន់ តែអកុសលឆេះអស់ទៅហើយនៅសល់តែឆ្អឹងផ្ទះ ។ ហេតុការណ៍ឆេះផ្ទះខ្លួនឯងនោះ បានកើតឡើងនៅវេលាម៉ោង២១និង១៩នាទី ថ្ងៃទី០៨ ខែធ្នូនេះ ស្ថិតនៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។
តាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានប្រាប់ថា ម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ យ៉ុន យ៉ៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុ ដែលមានប្តីឈ្មោះ ឆើត គា អាយុ៣៥ឆ្នាំ មុខរបរកសិករ ។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនៅក្បែរខាង និងប្រជាការពារភូមិបានជួយដងទឹកពន្លត់ដែរ តែពុំអាចជួយបាន ។ ទើបលោកបានដឹកនាំកម្លាំងជំនាញ ព្រមទាំងបានឲ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចេញ១គ្រឿងចុះទៅជួយទើបអាចទប់ស្កាត់បាន ប៉ុន្តែអកុសលបានឆេះមុនអស់ទៅហើយ ។
លោកបានបញ្ជាក់ថា ផ្ទះជនរងគ្រោះមានទំហំ៧ម គុណ៤ម សរសរទាល់ដី ក្រាលក្តា កម្ពស់១,៥០ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ។
ដោយមូលហេតុ បុរសជាប្តី ប្រើចង្ក្រានហ្គាស ហើយយកថង់មកអុចបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ហើយទៅប៉ះធុងសាំងក្រអូបទើបធ្វើឲ្យឆេះតែម្តង ។ ករណីនេះបណ្តាលឲ្យរងការខូចខាតផ្ទះមួយខ្នង អង្ករ១ការ៉ុង ស្មើនឹង៥០គក ប្រាក់(គ្មាន) ឯកសារអត្រាកូលដ្ឋានប័ណ្ណក្រីក្រមួយសន្លឹក កាតគ្រីម៉ូតូ២សន្លឹក ទូរស័ព្ទដៃមួយគ្រឿង និងចានឆ្នាំងសំលៀកបំពាក់មួយចំនួន តែពុំមានគ្រោះថ្នាក់មនុស្សឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ