សហរដ្ឋអាមេរិក ៖ សាស្ត្រាចារ្យច្បាប់៣រូបវាយតម្លៃកាលពីថ្ងៃទី៤វិច្ឆិកាថា ការស៊ើបអង្កេតលើការដកតំណែងប្រឆាំងលោកដូណាល់ត្រាំ ជារឿងត្រឹមត្រូវហើយចាំបាច់ទៀតផង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យអាមេរិក។ បែបនេះនាំឲ្យមានការក្ដៅក្រហាយ ក្នុងចំណោមបណ្ដាសមាជិកសភានៃគណបក្សសាធារណរដ្ឋដែលយល់ថា ពុំមានភស្ដុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ប្រធានាធិបតីឡើយ។ សមាជិកសភាទាំងនេះ បានរិះគន់ពីភាពលម្អៀងក្នុងឱកាសនៃសវនាការរឿងនោះក្នុងសភា។
អ្នកជំនាញការខាងច្បាប់ទាំងនេះដែលអញ្ជើញមកដោយក្រុមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនក្នុងសភា ត្រូវបានបន្ទុចបង្អាក់ដោយសាស្ត្រាច្បាប់ម្នាក់ទៀត ដែលអញ្ញើញមកដោយបណ្ដាសមាជិកសភានៃគណបក្សសាធារណរដ្ឋ។ សាស្ត្រាចារ្យរូបនោះយល់ថាបណ្ដាភស្ដុតាងមានពុំគ្រប់គ្រាន់ឡើយក្នុងការចោទប្រកាន់ប្រធានាធិបតី។
លោកត្រាំត្រូវពួកអ្នកប្រជាធិបតេយ្យចោទលោកពីបទស្នើដល់អ៊ុយក្រែន ឲ្យស៊ើបអង្កេតលើលោកJOE BIDEN ជាគូប្រជែងសំខាន់ម្នាក់របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ ពួកអ្នកប្រជាធិបតេយ្យមានជំនឿជាក់ថា លោកបានរំលោភបំពានអំណាច ដើម្បីឲ្យសម្រេចគោលដៅផ្ទាល់ខ្លួន ពិសេសដោយផ្អាកជំនួយយោធាដល់សម្ព័ន្ធមិត្តនោះ ដែលកំពុងមានជម្លោះជាមួយរុស្ស៊ី។ ក្រោយការស៊ើបអង្កេត២ខែនិងសវនាការរបស់សាក្សី១៧រូប ពួកអ្នកប្រជាធិបតេយ្យអះអាងនាថ្ងៃទី៣ធ្នូថា ភស្ដុតាងទាំងឡាយមានរឹងមាំ សម្រាប់សំណុំរឿងចោទប្រកាន់របស់ពួកគេ។
លោកត្រាំដែលបដិសេធថាពុំបានធ្វើការគាបសង្កត់លើក្រុងកៀវ នាថ្ងៃទី៤ធ្នូបានបរិហារពីការភូតកុហកដ៏អាក្រក់មួយរបស់ពួកអ្នកប្រជាធិបតេយ្យ ដែលអាក្រក់សម្រាប់ប្រទេស។
នៅមុខគណៈកម្មការយុត្តិធម៌របស់សភា លោកNOAH FELDMANសាស្ត្រាច្បាប់នៃសាកលវិទ្យាល័យHARVARD ថ្លែងថាប្រសិនបើគេមិនធ្វើការចោទប្រកាន់ប្រធានាធិបតីមួយរូប ដែលប្រើអំណាចក្នុងគោលដៅផ្ទាល់ខ្លូន នោះយើងពុំមែនរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យមួយឡើយ គឺយើងរស់នៅក្នុងរបបរាជានិយមឬផ្ដាច់ការមួយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ