ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវគេអះអាងថា ជាម្ចាស់រថយន្តឡង់គ្រីស្ស័រដែលគេដុតចោលកាលពីប៉ុន្មានថ្ងៃមុននៅខេត្តកំពង់ឆ្នាំង ត្រូវបានប្រទះឃើញនៅក្នុងលូស្ពានក្រាំងពន្លៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ មេសា ២០១២ … កន្លែងប្រទះឃើញសពនេះឆ្ងាយពីកន្លែងដុតរថយន្តប្រហែល១៥គីឡូម៉ែត្រ។
ស្ត្រីឈ្មោះញឹម គន្ធា អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអះអាងថា សពដែលប្រទះឃើញនេះជាប្តីរបស់គាត់ឈ្មោះចាន់ ហៀង អាយុ៥៣ឆ្នាំ និងជាម្ចាស់រថយន្តឡង់គ្រីស្ស័រដែលគេដុតចោល ព្រោះគាត់ចំណាំសម្ភារក្នុងឃ្លុបតាឡូរថយន្តដូជជាប្រេងកូឡាជាដើម…។
គួររំលឹកឡើងវិញថា រថយន្តម៉ាកឡង់គ្រីស្ស័រចង្កូតស្តាំមួយគ្រឿងពណ៌សំបកឪឡឹក ត្រូវបានជនមិនស្គាល់មុខបើកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសា នៅតាមបណ្តោយផ្លូវលំខាងលិចវត្តខ្យាង ស្ថិតក្នុងភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គី មានជ័យ មានចម្ងាយជាង៤គីឡូម៉ែត្រខាងលិចផ្លូវជាតិលេខ៥។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែមិនអាចជួយពន្លត់បាន ព្រោះភ្លើងឆេះរថយន្តសន្ធោសន្ធៅខ្លាំងទៅហើយ ។ ទោះបីជាយ៉ាងណាប៉ូលិសបានហុ៊មព័ទ្ធកន្លែងកើតហេតុមួយយប់ លុះព្រឹកឡើងទើបពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ។ ក្រោយពីពិនិត្យខ្មោចរថយន្តខាងលើ ប៉ូលិសមិនបានរកឃើញអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធទៅរឿងឃាតកម្មឡើយ ព្រោះនៅក្នុងរថយន្តពុំមានឃើញសាកសព ក្រៅពីរថយន្ត និងឯកសារដែលឆេះខ្ទេច ប៉ុន្តែគេឃើញមានសំបកកញ្ចប់បារីដែលសរសេរអក្សរចិន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ