រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាទារប្រាក់ចំនួន១០ម៉ឺនដុល្លារ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន៥នាក់ និងរំដោះជនរងគ្រោះបានចំនួន២នាក់នៅបន្ទប់លេខ៣០៣ ក្នុងសណ្ឋាគារអុីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះគឺធ្វើឡើងក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រាយការណ៍មកថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន២នាក់។
ដោយមានការគោលការណ៍ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចុះបង្ក្រាបភ្លាមៗ ក្រោមការសម្របសម្រួលពីលោក ខៀវ កូឡា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយទទួលបានបទបញ្ជាខាងលើភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះក្នុងបន្ទប់លេខ៣០៣ នៅសណ្ឋាគារអុីមភឺរៀលរួចហើយ កម្លាំងជំនាញឈានដល់ការចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ១-ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ២-ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ៣-ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ៤-ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និង ៥-ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញរំដោះបានជនរងគ្រោះចំនួន២នាក់ ម្នាក់ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងដកហូតសម្ភារបានមួយចំនួន។
បន្ទាប់ពីបញ្ចប់ការសាកសួរ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ