ខេត្តស្វាយរៀង ៖ លោកមេឃុំកណ្តៀងរាយបានស្លាប់បាត់បង់ជីវិត ខណៈក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីពេទ្យស្រុកស្វាយទាប បន្ទាប់ពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមប្រភពដដែលបានបន្តថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡឹក កង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមេឃុំកណ្តៀងរាយ រស់នៅភូមិឃុំកើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១Q-៤២៨៧ ។ ចំណែកភាគីខាងម៉ូតូមួយទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១A-១៤២៦ បើកបរដោយឈ្មោះផាត់ សារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរងរបួសស្រាល ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញលោកមេឃុំកណ្តៀងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បើកបរម៉ូតូចូលទៅខាងឆ្វេងចូលទៅចំណែកផ្លូវភាគីម្ខាងទៀត រួចក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ចំពីមុខខណៈកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យលោកមេឃុំកណ្តៀងរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេល ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។ ចំណែកភាគីខាងអ្នកបើកបរម៉ូតូម្នាក់ទៀតដែលរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកណ្តៀងរាយ ។ រីឯសពរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ