ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ជាមន្ត្រីនគរបាលការពារព្រំដែនគោកបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរក្នុងពេលមេឃកំពុងភ្លៀងខ្លាំងបានបុកជាមួយម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង ។
លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យបានឲ្យដឹងថា នៅវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ១២៩និង១៣០ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។
លោកអធិការក្រុងសែនមនោរម្យបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ខាងលើនោះ បណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំង ហើយរថយន្តបើកលឿនលុះពេលមើលផ្លូវមិនឃើញក៏ជ្រុលចង្កូតទៅបុកម៉ូតនៅខាងឆ្វេងដៃតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះស៊ីម ភូរិត ភេទប្រុស អាយុ៥១ឆ្នាំ ជានគរបាលវរៈ៣០៣ ការពារព្រំដែនគោក មានទីកន្លែងកំណើតនៅភូមិត្រពាំងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខ ។
ចំណែកអ្នកបើកបររថយន្តដែលរត់គេចខ្លួនបាត់ បានបន្សល់ទុកនូវរថយន្តមួយគ្រឿងម៉ាក AVALON ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២G-៧១៤០ ។
ទោះបីជាជនបង្កពុំស្ថិតនៅកន្លែងកើតហេតុក្តី តែសមត្ថកិច្ចបានរកឃើញលិខិតផ្ទេរសិទ្ធិជារបស់វរសេនីយ៍ត្រីប៊ុន វ៉ាង ជាមេបញ្ជាការស្តីទីនៃមូលដ្ឋានកងទ័ពស្រុកអូរាំងក្នុងរថយន្តបង្ក។ រាល់ឯកសារ និងអត្តសញ្ញាណទាំងនេះ អាចសន្និដ្ឋានជំហានដំបូងថា ជនបង្កជាមេបញ្ជាការរងមូលដ្ឋានកងទ័ពស្រុកអូររាំង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ