ខេត្តព្រៃវែង ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ គឺបានធ្វើឡើងនៅក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តឯកវចនារាម ( ហៅវត្តបេងបូរី ) ស្ថិតនៅក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែវិច្ឆិកានេះ ។
លោកហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព គឺជាសមិទ្ធផលដែលត្រូវបានកសាងឡើងដោយការលំបាកបំផុត ប៉ុន្តែអាចនឹងត្រូវដុតបំផ្លាញដោយងាយស្រួល ។ ខ្មែរទាំងអស់គ្នាចង់រស់នៅសុខសាន្តបន្តទៅមុខទៀត ដូច្នេះកុំបំផ្លាញអ្វីៗដែលមានស្រាប់ ត្រូវរួមគ្នាបន្តកសាងជាបន្តបន្ទាប់លើមូលដ្ឋានកំពុងមាននេះ ជាពិសេសការកសាងឱកាសសម្រាប់អ្នកជំនានក្រោយ ក្នុងនោះមានឱកាសសិក្សារៀនសូត្រ ដើម្បីឱ្យពួកគេក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្រុកភូមិកំណើតរបស់ខ្លួន ។
លោកថា អ្វីដែលសំខាន់បំផុតក្នុងពេលនេះសម្រាប់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គឺការឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជន គឺសន្តិសុខ សុវត្ថិភាព សេវាសុខាភិបាល ការអប់រំ ទឹក ភ្លើង និងផ្លូវធ្វើដំណើរក៏ដូចជា តម្រូវការថ្មីៗថែមទៀតដែលចេះតែកើនឡើងរហូតស្របតាមការវិវឌ្ឍនៃសង្គមជាតិ ។ គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ ដូច្នេះមានតែការខិតខំប្រឹងប្រែងបន្តដោះស្រាយជាប្រចាំនូវរាល់ការខ្វះខាត និងបញ្ហាអវិជ្ជមាន ទើបធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃការអភិវឌ្ឍប្រទេស ៕
ចែករំលែកព័តមាននេះ