រាជធានីភ្នំពេញ ៖ តាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបង្ហោះជាផ្លូវការថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រ៉ឺម៉កទ្រុងដឹកគ្រឿងក្នុងជ្រូក ជើងជ្រូក សាច់ជ្រូកដែលខូចគុណភាពចំនួនជាង១តោន ដែលឈ្មួញបានលួចនាំចូលពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ។
តាមមន្ត្រីជំនាញដែលចុះបង្ក្រាបករណីខាងលើបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានដឹងពីឈ្មួញទុច្ចរិតមួយក្រុមបាននាំចូលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកដែលដឹកតាមរថយន្តក្រុងនោះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកម្លាំងជំនាញឲ្យចុះទៅស្ទាក់ចាប់ ដើម្បីយកមកកម្ទេចចោល ។
ជាក់ស្តែងកម្លាំងជំនាញបានទៅឃាត់រ៉ឺម៉កដឹកសាច់ជ្រូក ជើងជ្រូក និងគ្រឿងជ្រូកក្នុងនៅក្បែរវត្តថ្វាយដង្គំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលឈ្មួញបានទម្លាក់ចេញពីរថយន្តក្រុង បំណងយកទៅលក់លើទីផ្សារក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលសេដ្ឋកិច្ចបន្តថា ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ទាំងម្ចាស់ តែត្រូវបានអប់រំ និងអនុញ្ញាតឲ្យទៅវិញ ដោយគ្រាន់តែតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការរកស៊ីនាំចូលសាច់ជ្រូក ជើងជ្រូក និងគ្រឿងក្នុងជ្រូកដែលខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតដូច្នេះទៀត ។ ចំណែកសាច់ជ្រូក និងគ្រឿងក្នុងជាងមួយតោន ត្រូវបានសមត្ថកិច្ចយកទៅដុតកម្ទេចចោល នាព្រឹកថ្ងៃដដែលនោះផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ