រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវរបស់កម្ពុជាកន្លងមកដែលចង់បានវិនិយោគិនចិនមកបណ្ដាក់ទុនវិនិយោគលើដំណាំចេកអំបូងលឿងនិងនាំចេញទៅកាន់ទីផ្សារចិន ពេលនេះខាងភាគីចិនមានគម្រោងវិនិយោគលើដំណាំចេកអំបូងលឿង ដោយត្រៀមទុនប្រមាណ៣០លានដុល្លារអាមេរិក ដាំដុះចេកអំបូងលើផ្ទៃដី ប្រមាណ១៥០០ហិចតា ។ នេះបើយោងតាមគេហទំព័របណ្ដាញសង្គមរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
ប្រភពដដែលបានអោយដឹងថា វិនិយោគិនចិននៃទីក្រុងប៉េកាំង បានចាប់អារម្មណ៍ និងគ្រោងដាក់ទុនប្រមាណ ៣០លានដុល្លារអាមេរិក ដើម្បីវិនិយោគដាំដុះដំណាំចេកអំបូងលឿង លើផ្ទៃដី ប្រមាណ ១៥០០ហិចតា ក៏ប៉ុន្តែសម្រាប់ទីតាំងជាក់លាក់ណាមួយនោះនៅមិនទាន់ត្រូវបានគេលាងត្រដាងនៅឡើយនោះទេ ។
បើតាមលោក Li Zhijun អគ្គនាយកនៃមន្ទីរកសិកម្ម និងកិច្ចការជនបទនៃក្រុងប៉េកាំងរបស់សាធារណរដ្ឋប្រជាមានិតចិន បានអោយដឹងថា កម្ពុជានឹងចិនមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ ហើយពេលនេះ ក៏គួរតែដល់ពេលដែលភាគីទាំងពីរ ត្រូវការពង្រីកនូវវិស័យកសិកម្មបន្ថែមទៀតហើយ ដោយសារតែតម្រូវការផលិតផលកសិកម្មពីកម្ពុជា នៅក្នុងប្រទេសចិនកំពុងមានទីផ្សារខ្ពស់ ជាក់ស្ដែងចេកអំបូងលឿង ជាដើម កំពុងមានតម្រូវការខ្លាំងនៅក្នុងប្រទេសចិន ។
លោក Li Zhijun បានបន្តថា «ដើម្បីអោយការផ្គត់ផ្គង់ចេកពីកម្ពុជា នៅក្នុងប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំងកាន់តែមានប្រសិទ្ធភាព និងគុណភាពផងដែរនោះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំងកំពុងធ្វើការសិក្សា រៀបចំផែនការវិនិយោគតម្លៃជាង ៣០លានដុល្លារអាមេរិកដើម្បីធ្វើការដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជា លើផ្ទៃដីជាង១ ៥០០ហិកតានាពេលអនាគត » ។ លោកបានបន្តថា បច្ចុប្បន្ននេះមន្ត្រីជំនាញផ្នែកបច្ចេកទេសកសិកម្ម និងអភិវឌ្ឍន៍ជនបទក្រុងប៉េកាំងដែលបានបំពេញបេសកកម្មរយៈពេល៦ខែនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួលជាមួយសហគ្រាសដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជានិងដើម្បីសិក្សាពីលទ្ធភាព ដែលអាចវិនិយោគដំណាំចេកអំបូងលឿងនៅក្នុងប្រទេសកម្ពុជាផងដែរ ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយមន្ទីរកសិកម្ម និងកិច្ចការជនបទខេត្តនៃប្រទេសចិនជាច្រើនមកហើយ។ ភាគីទាំងពីរពិតជាអាចពង្រីកកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតពិសេសជាមួយមន្ទីរកសិកម្ម និងកិច្ចការជនបទនៃក្រុងប៉េកាំង ។
ពាក់ព័ន្ធនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន CAG លោកបានបញ្ជាក់ថា ការងារនេះពិតជាសមស្រប និងសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ពីព្រោះវិស័យកសិកម្មកម្ពុជាគឺមានសក្តានុពលខ្ពស់ ។ មួយវិញទៀត ផែនការវិនិយោគនេះស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាក្នុងការជំរុញការធ្វើកសិកម្មទំនើប ការកែច្នៃ ការវេចខ្ចប់ និងនាំចេញផលិតផលកសិកម្មកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ ។
សូមបញ្ជាក់ថា ផលិតផលចេកអំបូងលឿងរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនបណ្ដើរៗហើយ ក្នុងនោះក្រុមហ៊ុនកសិកម្ម ឡុងម៉េត អាហ្គ្រីខល់ឈើ ជាអ្នកវិនិយោគធំក្នុងការនាំចេញចេកអំបូងលឿងពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។
យោងតាមប្រសាសន៍លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកន្លងមកថា ចិន គឺជាទីផ្សារធំ សម្រាប់ផលិតផលកសិកម្មកម្ពុជា ដូច្នេះកម្ពុជាត្រូវបង្កើនការចរចារជាមួយភាគីចិន ដើម្បីនាំចេញផលិតផលកសិកម្មបន្ថែមទៀតទៅកាន់ទីផ្សារដ៏ធំមួយនេះ ។ តែយ៉ាងណា ការនាំចេញផលិតផលកសិកម្មកម្ពុជា នៅតែជួបបញ្ហា ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនទាន់រលូន ហើយការនាំចេញទៅដល់គោលដៅ ត្រូវប្រើរយៈពេលយូរទៀតផងដែរ ។ នេះជាបញ្ហាដែលពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងរបសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា គិតត្រឹមតែ១៨ ខែតុលា ឆ្នាំ២០១៩នេះ ការនាំចេញផ្លែចេកពីកម្ពុជាសរុបមានចំនួន ១១៥.២២៣តោន ទៅកាន់ទីផ្សារប្រទេសចិន វៀតណាម និងជប៉ុន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ