រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់សាច់ក្របី គឺពីមុនៗមកប្រជាពលរដ្ឋខ្មែរមិនទទួលទានសាច់ក្របីនោះទេ រហូតពេលខ្លះទៅទិញសាច់គោនៅទីផ្សារក៏មានការខ្លាចរអារថាអ្នកលក់បន្លំសាច់ក្របីថាជាសាច់គោទៀតផង ។
តែនិន្នាការនៃការទទូលសាច់ក្របីបានប្រែប្រួលព្រោះសម័យកាលបច្ចុប្បន្ននេះ ការទទួលទានសាច់ក្របីបាននឹងកំពុងពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលប្រហែល៤ ឬ ៥ឆ្នាំចុងក្រោយនេះ ។ ជាក់ស្តែងតម្លៃដាច់ក្របីបានហក់ឡើងខ្ពស់ វារដាច់តម្លៃដាច់គោតែម្តងនៅលើទីផ្សារ ព្រោះសាច់ក្របី បានក្លាយជាគ្រឿងក្លែមមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ ។ ការទទួលទានសាច់ក្របីគឺកំពុងសាយភាយពេញប្រទេសកម្ពុជាតែម្តង ដោយគេសង្កេតឃើញការលក់សាច់ក្របីតាមបណ្ដាខេត្តនិងតាមភោជនីយដ្ឋាន បៀហ្កាដិនក្នុងរាជធានីភ្នំពេញ ជាដើមមានចំនួនច្រើនឡើង ដែលធ្វើអោយអ្នកផ្គត់ផ្គង់សាច់ក្របី បានពង្រីកការផ្គត់ផ្គង់បន្ថែមស្របនឹងតម្រូវការអ្នកបរិភោគក៏ហក់ខ្ពស់នោះ ។
បើតាមលោក សួង សុវីរៈ អ្នកផ្គត់ផ្គង់សាច់ក្របីងៀត មួយរូបនៅស្រុកអង្គរជ័យ ខេត្តកំពត បាននិយាយថា កាលពីលោកអាជីវកម្មដំបូង ការលក់ដូរមិនសូវជាដាច់ប៉ុន្មានទេ ហើយពេលខ្លះក៏ស្ទើរបញ្ឈប់វាដែរ ដោយសារតែគ្មានអ្នកគាំទ្រ និងបរិភោគសាច់ក្របី តែពីរបីខែក្រោយមក ស្រាប់តែ ប្រជាពលរដ្ឋជាច្រើនក្នុងតំបន់នោះ យកងៀតក្របី ធ្វើជាគ្រឿងក្លែមកាន់តែច្រើន ដែលធ្វើអោយលោកត្រូវពង្រីការផ្គត់ផ្គង់បន្ថែមទៀត ដោយបានសហការជាមួយអ្នកលក់សាច់ក្របីស្រស់ពីទីតាំងបីខុសគ្នា ។
លោកបានបន្តថា បច្ចុប្បន្ននេះ លោកទិញសាច់ក្របីស្រស់ពីតំបន់បី រួមមាន ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងផ្សារតូចនៅរាជធានីភ្នំពេញ ហើយយកសាច់ក្របីស្រស់នោះ មកប្រឡាក់ធ្វើងៀត ហាលវាអោយស្ងួតដើម្បីផ្គត់ផ្គង់បន្តទៅភ្ញៀវដែលមានតម្រូវការ ទាំងនៅក្នុងតំបន់ក្នុងខេត្តនិងតំបន់ក្រៅខេត្ត ព្រោះមានអ្នកខ្លះគាត់កុម្មង់តាមអនឡាញ តាមរយៈការផុសលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ។
លោក សួង សុវីរៈ បានបន្តទៀតថា «មូលហេតុដែលយើងត្រូវសហការជាមួយអ្នកផ្គត់ផ្គង់សាច់ក្របីស្រស់ទាំងបីតំបន់ ដោយសារតែពេលខ្លះ អ្នកនៅកំពង់សោមមិនមានសាច់ក្របីសម្រាប់អោយយើង អញ្ចឹងយើងអាចយកពីបាត់ដំបង ឬពីភ្នំពេញ មកប្រឡាក់ ដើម្បីអោយទាន់នូវការកុម្មង់ងៀតក្របីពីភ្ញៀវរបស់យើង ។ តែបើសិនជាយើងមិនធ្វើដូច្នេះទេ យើងប្រាកដជាដាច់ស្តុកមិនមានងៀតក្របីសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវឡើយ » ។
លោកបានបន្ថែមថា តាំងពីចាប់ផ្ដើមអាជីវកម្មដំបូង រហូតមកដល់ពេលនេះ កំណើននៃអ្នកបរិភោគឃើញថាមានកាន់តែច្រើន ដែលក្នុងមួយថ្ងៃ អាចលក់បានដល់២០គីឡូក្រាមឯណោះ ជាពិសេសនៅថ្ងៃបុណ្យទាន ដែលមានការជួបជុំច្រើន ដូច្នេះគេត្រូវការគ្រឿងក្លែមណាដែលពេញនិយមសម្រាប់ពួកគេដែរ ។ លោកបានបន្ថែមថា «សម្រាប់តម្លៃសាច់ក្របីវិញ ពេលទិញចូលជាសាច់ស្រស់ មានតម្លៃ ៣៥,០០០រៀល ក្នុងមួយគីឡូក្រាម ហើយពេលធ្វើជាងៀតហើយ តម្លៃវាឡើងដល់៩០,០០០រៀលក្នុងមួយគីឡូក្រាម ដោយសារតែសាច់ងៀត ត្រូវការដាក់គ្រឿងបន្ថែម និងពេលយកទៅហាក់ សាច់ស្រស់មួយគីឡូក្រាម នៅសល់មិនដល់កន្លះគីឡូក្រាមផង » ។
បើតាមម្ចាស់ហាងលក់ងៀតក្របី ៩៩៩ ក្នុងបុរីពិភពថ្មី ក៏បានអោយដឹងផងដែរថា ងៀតក្របី ភាគច្រើនគេមិនយកទៅបរិភោគជាមួយបាយនោះទេ គឺគេយកវាធ្វើជាគ្រឿងក្លែម គ្រាន់តែពិសារលេងៗពេលជុំគ្នា ចំពោះអ្នកមិនចេះទទួលទានគ្រឿងស្រវឹង ។ ក្នុងមួយថ្ងៃៗ គេទិញងៀតក្របីអាំងយកទៅពិសារធ្វើជាគ្រឿងក្លែមច្រើនមែន ហើយភាគច្រើនគឺគេខ្ចប់យកទៅផ្ទះ ជាជាងនៅញ៉ាំនឹងកន្លែង ដោយសារតែវាជាប្រភេទអាហារ ដែលងាយស្រួលខ្ចប់និងកាន់ វាមិនមានភាពសាំញ៉ាំច្រើននោះទេ ។
ម្ចាស់ហាងរូបនេះ និយាយថាកាលពីមុនគេមិនសូវទទួលទានប៉ុន្មានទេ គេគិតថា អញ្ចេះអញ្ចុះ តែក្រោយមកស្រាប់តែមានការពេញនិយមទទួលទាន ដោយយកវាធ្វើជាគ្រឿងក្លែមច្រើន និងស្ទើតែពេញនិយមជាងសាច់គោទៅទៀតនាពេលបច្ចុប្បន្ននេះ ។
បើតាមមតិមួយចំនួនបាននិយាយថា មិនគួរយកសាច់ក្របី ធ្វើជាអាហារពេញនិយមនោះទេ ព្រោះវាជាប្រភេទសត្វដែលផ្ដល់ប្រយោជន៍ដល់មនុស្ស សម្រាប់ការងារកសិកម្ម ជាកំលាំងអូសទាញដ៏សំខាន់ ។ តែយ៉ាងណាក៏ដោយ មិនមានច្បាប់ហាមឃាត់ក្នុងការបរិភោគសាច់សត្វដែលប្រើកំលាំងអូសទាញនោះទេ ដូចជាគោសេះ ក្របី និងសត្វចិញ្ចឹមជាច្រើនទៀត ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ