ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ការងារ​ជាង​២​ម៉ឺន​កន្លែង​ដល់​យុវជន​តាម​រយៈ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​មួយទៀត​សម្រាប់​អ្នក​ស្វែងរក​ការងារ គឺ​មាន​កន្លែង​ការងារ​រហូត​ដល់​ជាង​២​ម៉ឺន​កន្លែង​កំពុង​រង​ចាំ តាម​រយៈ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩​។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មិន​ដល់​មួយ​ខែ​ទៀត​ទេ​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​មួយទៀត​សម្រាប់​អ្នក​ស្វែងរក​ការងារ គឺ​មាន​កន្លែង​ការងារ​រហូត​ដល់​ជាង​២​ម៉ឺន​កន្លែង​កំពុង​រង​ចាំ តាម​រយៈ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩​។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មិន​ដល់​មួយ​ខែ​ទៀត​ទេ​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ គឺ​៖ «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៩» នឹង​ត្រូវ​បាន​រៀបចំ​ឡើងជា​ទីកន្លែង​ជួបជុំ​គ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ​ការងារ ។

បន្ថែម​លើ​នេះ​ព្រឹត្តិការណ៍​ពិព័រណ៍​នឹង​នាំ​មក​នូវ​សិក្ខាសាលា​ផលិតភាព​ជាតិ​ក្រោម​ប្រធានបទ ៖«​យុទ្ធសាស្ត្រ​ផលិតភាព​សម្រាប់​កម្ពុជា​-​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ប្រកួតប្រជែង​ជាស​កល​» ដែល​នឹង​ចែករំលែក​បទ​ពិសោធន៍​ដោយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​ស្រប​ពេល​នឹង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ផង​ដែរ​។

ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៨ ព្រឹក​ដល់​៨​យប់​នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ ។

ចំពោះ​អ្នក​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​រួម​មាន​ជួប​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស​ធំ​ៗ150 ។ ដាក់​ពាក្យ​សម្ភាស​ផ្ទាល់​រក​ការងារ​គ្រប់​ប្រភេទ​ជាង​20,000​កន្លែង ។ ជ្រើសរើស​បុគ្គលិក​ផ្ទាល់​ពី​ចំណោម​អ្នក​ស្វែងរក​ការងារ​ជាង​30,000 នាក់ ។ ទទួល​ការ​ណែនាំ​អាជីព​បទ​ពិសោធន៍ និង​ជំនាញ​ទីផ្សារ​ការងារ​កំពុង​ត្រូវការ ។ ទទួល​បាន​គំនិត​ជំនាញ​ចំណេះដឹង និង​បទ​ពិសោធន៍​សម្រាប់​លើកកម្ពស់​ផលិតភាព​ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​ក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃនេះ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​យល់​ដឹង​អំពី​ការ​បង្កើន​ផលិត ភាព​សូម​យុវជន សិស្ស​-​និស្សិត អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប (CV) មក​ជាមួយ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ