ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋជាពិសេសមានកិច្ចអន្តរាគមន៏ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នេះក្រុមការងារក្រុងព្រះសីហនុបានចុះរុះរើទីតាំងសិប្បកម្មឈើមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុបន្ទាប់ពីម្ចាស់ទីតាំងពុំបានអនុវត្តន៏តាមការណែនាំអំពីរដ្ឋបាលក្រុង ដែលចុះអប់រំណែនាំនាពេលកន្លងមក ។
យោងតាមប្រភពពីមន្ត្រីសាលាក្រុងដែលបានដឹកនាំក្រុមការងារបានអះអាងថា ដោយមានការអនុញ្ញាតអំពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុលោកបានដឹកនាំក្រុមការងារចម្រុះចុះមកធ្វើការហាមឃាត់ការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ដោយបានចុះរុះរើទីតាំងសិប្បកម្មឈើមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ បន្ទាប់ពីម្ចាស់ទីតាំងពុំបានអនុវត្តន៏តាមការណែនាំអំពីរដ្ឋបាលក្រុងដែលចុះអប់រំណែនាំនាពេលកន្លងមកធ្វើអោយប៉ះពាល់ដល់ការធ្វើតំណើររបស់ប្រជាពលរដ្ឋធ្វើដំណើរមួយចំហៀងផ្លូវបង្កកកស្ទះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយបើទោះបីជាអាជ្ញាធរមូលដ្ឋានចុះមកធ្វើការណែនាំយ៉ាងណាក្តី ។ ដូចនេះដើម្បីជាការព្រមានអាជ្ញាធរ ក្រុងសម្រេចរុះរើសំណង់ចេញពីលើចំណីផ្លូវដោយយកសម្ភារសំណង់ចេញមិនឱ្យមានការសាងសង់អ្វីតទៅទៀតឡើយ។
ជុំវិញចំណាត់ការយ៉ាងក្តៅគគុករបស់អាជ្ញាធរក្រុងនេះផងដែរ ក្រុមប្រជាពលរដ្ឋបានសម្តែងការសាទរយ៉ាងខ្លាំង និងបានស្នើរឱ្យអាជ្ញាធរមូលដ្ឋានជាពិសេសមន្ត្រីពាក់ព័ន្ឋ រឹតបន្តឹងបន្ថែមទៀតទៅលើក្រុមហ៊ុនសាងសង់ជាច្រើនទៀត ដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួន ផ្ទុកសម្ភារសំណង់ផ្សេងៗនៅលើផ្លូវសាធារណៈ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ បង្ករភាពស្មុកស្មាញដល់អាជ្ញាធរដែនដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ