ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើស្ពានអ្នកលឿង ក្នុងថ្ងៃឆ្លងបុណ្យភ្ជុំ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៨ខែកញ្ញា នៅលើស្ពានអ្នកលឿង ដែលស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១1BD-៨២៨២ បើកបរដោយឈ្មោះខេង ភារម្យ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកភាគីខាងម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវអុី ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A-១៦៦៦ បើកបរដោយឈ្មោះ ឌុក វ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់នៅនឹងកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីភាគីម៉ូតូទាំង២គ្រឿង បើកបរក្នុងល្បឿនលឿន ហើយវ៉ាជែងមិនប្រកាន់ស្តាំនៅលើស្ពាន ទើបបណ្តាលអោយមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបែបនេះ។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ក) រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំងពីរត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ