រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា តូបលក់ទូរស័ព្ទដៃចំនួនជាង៣០តូបនៅក្នុងផ្សារឃ្លាំងរំសេវ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះខូចខាតអស់ស្ទើរទាំងស្រុង និងបណ្តាលឲ្យកម្លាំងបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់រងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករ និងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកញ្ញានេះត្រង់ចំណុចខាងក្នុងផ្សារឃ្លាំងរំសេវ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិទី៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានបានធុំក្លិនឈ្ងៀមចេញមកពីក្នុងផ្សារឃ្លាំងរំសេវ ខណៈពេលដែលអាជីវករលក់ដូរទាំងអស់បានចាក់សោតូប ហើយចេញទៅសម្រាកនៅផ្ទះរៀងៗខ្លួន ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានលេចចេញជាអណ្ដាតភ្លើងលាយឡំជាមួយ និងផ្សែងខ្មៅខ្មួលខ្មាញ់បានកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងតូបលក់ទូរស័ព្ទដៃដែលនៅជួរខាងមុខនៃផ្សារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខផ្សារ និងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅធ្វើការបាញ់ពន្លត់ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍ ។
បន្ទាប់ពីប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្តាតភ្លើងអស់ជាច្រើនបំពង់រួចមកក៏នៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ។ ដោយអណ្តាតភ្លើងបានបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ និងបណ្តាលឲ្យឆេះរាលដាលដល់តូបដែលនៅជាប់គ្នាជាបន្តបន្ទាប់ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ហៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់កន្លែងកើតហេតុជាង២០គ្រឿង ។ ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់នោះប្រើប្រាស់រយៈពេលចំនួន២ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ដោយប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ គឺបានផ្តើមឆាបឆេះចេញពីតូបលក់ទូរស័ព្ទដៃលេខ A202 A204 A205 ។ និងបានឆាបឆេះរាលដាលដល់តូបដែលនៅជាប់គ្នាជាបន្តបន្ទាប់ សរុបទាំងអស់ចំនួន៤០តូប ដែលសុទ្ធតែជាតូបលក់ទូរស័ព្ទដៃ ក្នុងនោះដែលតូបចំនួន២៥ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង និងតូបចំនួន១៥ទៀតបានឆេះរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ព្រមទាំងបណ្តាលឲ្យកម្លាំងបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់រងរបួសរយះដៃខាងឆ្វេង ខណៈពេលកំពុងធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ ។ ចំពោះហេតុការណ៍ខាងលើនេះជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា បង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្ត ៕ កែសម្រួលដោយ ៖សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ