រាជធានីភ្នំពេញ ៖ ប្រតិកម្មពីខេត្តសៀមរាបរឿងឈ្មួញពពាយនាយលក់ដីអតីតទីតាំងមេទ័ពដាប ឈួនម្ជុលពេជ្រ ដែលសព្វថ្ងៃគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា បានបញ្ជូនឯកសារមកការិយាល័យនិពន្ធកោះសន្តិភាពជាបន្តបន្ទាប់ទៀត បង្ហាញនូវមតិប្រឆាំងចំពោះការដោះដូរនេះ ។
ដីដាប ឈួន ដែលបច្ចុប្បន្នជាទីតាំងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា មានផ្ទៃដីទំហំ១៥.៣៣៤ម៉ែត្រការេ ។ មានអគារធំមួយធ្វើអំពីបេតុងរឹងមាំ មានរចនាបទខ្មែរល្អប្រណីត សក្តិសមស្ថិតនៅលើទឹកដីអង្គរដ៏បវរ ។ អ្នកទេសចរណ៍ទាំងឡាយដែលធ្វើដំណើរទៅលេងប្រសាទអង្គរវត្ត តែងតែក្រឡេកមើលទីនោះព្រោះគេស្គាល់ថាជាផ្ទះ ដាប ឈួនម្ជុលពេជ្រ ព្រោះវាជាទីតាំងប្រវត្តិសាស្ត្រ ឬជាបេតិកភណ្ឌជាតិយើងទៅហើយ ។ អគារដ៏ឆើតឆាយនេះ បានជួសជុលឡើងវិញម្តងរួចហើយនៅឆ្នាំ១៩៨៨ បង្ហាញឱ្យឃើញនូវភាពរឹងមាំស្រស់ស្អាតគួរឱ្យគយគន់ ដែលអ្នកសៀមរាបឱ្យឈ្មោះថា ជាទីតាំងប្រវត្តិសាស្ត្រផងដែរ ។ នៅក្នុងបរិវេណដីជាងមួយហិកតាកន្លះនេះ មានអង្កការមួយឈ្មោះអង្គការ អ៊ីតាលី ជួយសង្គ្រោះកុមារ ដែលកំពុងបង្រៀនសិល្បៈ មានសិស្សក្រីក្រ កុមារកំព្រា ក្មេងមិនចូលសាលាជាង៣០០នាក់ ដែលមានអាយុចាប់ពី៧ឆ្នាំដល់១៥ឆ្នាំ កំពុងសិក្សាវិស័យសិល្បៈយ៉ាងត្រជាក់ត្រជុំ ។ ជាទីតាំងបោះជំរុំយុវជនទូទាំងប្រទេស ដែលការលក់នេះធ្វើឱ្យប៉ះពាល់កាន់តែធំ ។ ប៉ះពាល់ដល់អគារធំៗ៣ទៀត ដែលជាទីផ្សារលក់ផលិតផលស្នាដៃរបស់ខ្មែរ ដែលជាស្មាដៃស្ត្រីក្រីក្ររបស់ខ្មែរ និងរបស់ជនពិការ ។ ទីតាំងនេះធំណាស់សម្រាប់ក្រុងសៀមរាប បើចង់អភិវឌ្ឍន៍ហេតុអ្វីមិនអភិវឌ្ឍន៍នៅនឹងកន្លែង? ហេតុអីចាំបាច់ស្នើសុំដោះដូរ ? តើការព្យាយាមសុំដោះដូរនោះ បានផលប្រយោជន៍ផ្ទាល់ខ្លួនធំធេងមហិមាប៉ុណ្ណាទៅ…ម្ចាស់ថ្លៃ ?
តាមឯកសារដែលអ្នកដឹងរឿងច្បាស់បានបញ្ជូនមកការិយាល័យនិពន្ធ លើកទី២បង្ហាញថា ក្រសួងអប់រំយុវជន និងកីឡាតាមលិខិតលេខ៤០៧ អ.យ.ក.សទរ ចុះថ្ងៃទី២ កុម្ភៈ ឆ្នាំ២០០៩ បានសុំទៅប្រធានគណៈកម្មការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំខេត្តសៀមរាប ដើម្បីបញ្ចូលទីតាំងដីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាទៅក្នុងគម្រោងសាងសង់នៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំ ដែលខេត្តសៀមរាបកំពុងតែសាងសង់នៅលើទីវាលរហោស្ថានដាច់ស្រយាលមួយចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប ។ នៅក្នុងលិខិតស្នើសុំនោះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ត្អូញត្អែគួរឱ្យអាណិតអាសូរថា «ក្រសួងអប់រំយុវជន និងកីឡាមានអគារមជ្ឈមណ្ឌលយុវជនស្ថិតនៅខេត្តសៀមរាប ដែលមានដីទំហំ១៥.៣៣៤ម៉ែត្រការេ ដែលមានអគារសាងសង់យូរមកហើយ មានលក្ខណៈចាស់ទ្រុឌទ្រោម ពុំមានកន្លែងសមស្របសម្រាប់ឱ្យយុវជនស្នាក់នៅ និងរៀនសូត្រ» ។ល។
បន្ទាប់មកលោក ព្រុំ សុខា ប្រធានគណៈកម្មការរៀបចំ មណ្ឌលរដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាបដូចត្រូវប៉ាន់ បានធ្វើលិខិតមួយអត់លេខចុះថ្ងៃទី៨ កក្កដា ឆ្នាំ២០០៩ សុំទៅលោកឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយសុំបញ្ចូលទីតាំងដីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ទៅក្នុងគម្រោងសាងសង់មណ្ឌលរដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាប ។ តាមឯកសារបង្ហាញថា លោកប្រធានគណៈកម្មការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំ ក៏ចេះខ្លាំងណាស់ដែរ បានយោងលិខិតលេខ៤០៧ អយក.ស.ទ.រ របស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាម្ចាស់លើដីដាប ឈួន នេះ ដោយរៀបរាប់ពីអគារចាស់ទ្រុឌទ្រោម….ពុំមានកន្លែងសមស្របឱ្យយុវជនស្នាក់នៅ និងរៀនសូត្រទេ ជាពិសេសខ្វះថវិកាដើម្បីធ្វើការអភិវឌ្ឍមណ្ឌលនេះឱ្យមានលក្ខណៈសមស្រប ។
នៅក្នុងលិខិតស្មើសុំនេះ ក្រោយពីរៀបរាប់របៀបក្រីក្រ និងកំសត់រួចមក បានចែងនៅចុងក្រោយថា ចំពោះសំណើរបស់ក្រសួងអប់រំយុវជន និងកីឡាខាងលើនេះ គណៈកម្មការយល់ឃើញថា គួរឯកភាពតាមការស្នើសុំ ពីព្រោះនៅក្នុងគម្រោងប្លង់រួមកន្លងមក គណៈកម្មការបានត្រៀមរៀបចំដី និងគម្រោងសាងសង់អគារស្នាក់នៅ និងក្លឹបយុវជនរួចហើយដែរ…។ល។
ក្រុមអ្នកសង្កេតការណ៍យល់ឃើញ និងសង្ស័យថា រវាងក្រសួងអប់រំយុវជន និងកីឡា និងអ្នកទទួលបន្ទុកគណៈកម្មការមជ្ឈមណ្ឌលរដ្ឋបាលប្រមួលផ្តុំខេត្តសៀមរាប បានត្រូវដងត្រូវផ្លែគ្នាជាមុនរួចហើយ ព្រោះដីដាប ឈួន ជាសម្បត្តិមហាសាលដ៏ពិសេសមួយ ។ បានឃើញលិខិតមួយទៀតទើបអស្ចារ្យដែលគួរឱ្យតក់ស្លុត និងរន្ធត់ខ្លាំងណាស់ សម្រាប់អ្នកវិភាគនានាទៅលើការវាយតម្លៃដោះដូររវាងមន្ទីរចំនួន៣ នៅក្នុងក្រុងសៀមរាប ដែលត្រូវដូរចេញទៅនៅវាលរហោឋាន ដែលគេឱ្យឈ្មោះថា «មជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំខេត្តសៀមរាប» និងដែលអ្នកសៀមរាបនិយាយថា គេនាំគ្នា «យកឆ្នាំងមាសដូរយកឆ្នាំងដី» ។
យោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១១៧១ ស.ជ.ណ ចុះថ្ងៃទី១៥ តុលា ឆ្នាំ២០១០ ជម្រាបទៅរដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចែងថា ចំពោះករណីស្នើសុំធ្វើអនុបយោគលើដី និងអគារចំនួន៣ក្នុងក្រុងសៀមរាប រាជរដ្ឋាភិបាលបានសម្រេចឱ្យមន្ទីរទាំង៣ធ្វើការផ្ទេរទៅកាន់បុរីរដ្ឋបាលប្រមូលផ្តុំ ។
នៅក្នុង ស.ជ.ណ ដដែលចែងថា ការវាយតម្លៃទ្រព្យសម្បត្តិរដ្ឋនៃមន្ទីរទាំង៣ ដែលក្នុងនោះមានមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាផងដែរ និងថ្នូរដែលក្រុមហ៊ុនត្រូវសាងសង់ បានបង់ចូលថវិការដ្ឋ ដែលបានអនុវត្តដោយគណៈកម្មការរៀបចំបុរីរដ្ឋបាលសៀមរាប ដែលមានលោកព្រំ សុខា ជាប្រធាន រួមជាមួយថៅកែឯកជនទទួលបន្ទុកម៉ៅការសាងសង់មានដូចខាងក្រោមនេះគួរឱ្យកត់សម្គាល់ជាងគេ ។ ទ្រព្យសម្បត្តិនៃមន្ទីរទាំង៣នោះមាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ទីរផែនការ និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ត្រូវបានវាយតម្លៃសរុប ២.០៧៧.៤៧០ដុល្លារអាមេរិក ។ ចំណែកទ្រព្យសម្បតិ្តក្រុមហ៊ុនសាងសង់ឈ្មោះ ជេ & អ អឹមផត អិចផត ដែលត្រូវដោះដូរមានតម្លៃ ១.៩៧៦.៥៥៨ ដុល្លារអាមេរិក ។ ដូច្នេះក្រុមហ៊ុនទុកខ្លះសម្រាប់បង់ចូលថវិការដ្ឋនូវប្រាក់លំអៀងចំនួនជាង១០ម៉ឺនដុល្លារ ។
ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា ទ្រព្យសម្បត្តិនៃមន្ទីរទាំង៣ខាងលើនេះ មានតម្លៃត្រឹមតែជាង ២លានដុល្លារប៉ុណ្ណោះ ដែលប្រការនេះហើយ ធ្វើឱ្យមជ្ឈដ្ឋាននានាសង្ស័យថាមានបង្កប់ទៅដោយអំពើពុករលួយធំធេងណាស់ ធ្វើឱ្យមានការពិចារណាឥតឈប់ឈរ ។
គួរកត់សម្គាល់ថា ក្នុងចំណោមមន្ទីរទាំង៣ខាងលើនេះ មិនបាច់និយាយវែងឆ្ងាយទេ គេយកតែទីតាំងអតីតដីដាប ឈួនម្ជុលពេជ្រ ដែលមានផ្ទៃដីទំហំ ១៥.៣៣៤ ម៉ែត្រការេនៅកណ្តាលក្រុងសៀមរាបមកពិចារណា ប្រាកដជារកឃើញនូវភាពមិនប្រក្រតីនោះមិនខានឡើយ ។
បច្ចុប្បន្នអតីតទីតាំងដីដាប ឈួន ត្រូវម្ចាស់ក្រោយដែលគេនិយាយថា ជាឧត្តមសេនីយ៍ម្នាក់ និងជាថៅកែក្រុមហ៊ុន ជេ & អ ដែលសាងសង់មជ្ឈមណ្ឌលរដ្ឋបាលប្រមូលផ្តុំនោះបានវាយតម្លៃលក់ក្នុង១ម៉ែត្រការេ៥០០ដុល្លារ ។ បើដូច្នេះមែន ដីដាប ឈួន ដែលបញ្ញវ័នខេត្តសៀមរាបឱ្យឈ្មោះថា ជាទីតាំងប្រវត្តិសាស្ត្រនោះអាចលក់បានជាង៧លានដុល្លារទៅហើយ ។ បញ្ញវ័នមួយក្រុមនិយាយថា ចុះអ្នកណាក៏អន់ម៉្លេះ វាយតម្លៃទីតាំងដាប ឈួន របស់រដ្ឋប្រហាក់ប្រហែលកន្លះលានដុល្លារបែបនេះ ខុសគ្នាមួយជាដប់ បើប្រៀបធៀបមន្ទីរចំនួន៣ដែលមានតម្លៃត្រឹមតែ២លានដុល្លារដូចពោលខាងលើនោះ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនឯកជន ជេ & អ បានបង់តម្លៃលំអៀងបានចំនួន ១០០.៩១២ ដុល្លារ ចូលហោប៉ាវរដ្ឋដែរ ។
តាមការកត់សម្គាល់សកម្មភាពដោះដូរខាងលើនេះ ហាក់ដូចជាស្ងប់ស្ងាត់ល្អណាស់ ទើបតែមានប្រតិកម្មដោយសារតែថៅកែថ្មីពពាយនាយលក់ដីដាប ឈួន ក្នុងតម្លៃ៥០០ដុល្លារមួយម៉ែត្រការេ នាពេលថ្មីៗនេះតែប៉ុណ្ណោះ និងកំពុងជ្រួលពេញមជ្ឈមណ្ឌលដោយសារយុវជនរាប់រយនាក់ និងអ្នកគ្រប់គ្រងមិនសប្យាយចិត្ត ។
នៅពេលដែលយើងកំពុងតែសរសេរព័ត៌មានអាស្រូវនេះ មានទូរស័ព្ទមកហូរហែបង្ហាញពីប្រតិកម្មខ្លាំងៗចំពោះការដោះដូរដែលពួកគេចោទថា មានភាពមិនប្រក្រតីនេះ ។
កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីលោកព្រំ សុខា ប្រធានគណៈកម្មការរដ្ឋបាលប្រមូលផ្តុំនៅខេត្តសៀមរាបដែរ ប៉ុន្តែពុំអាចទំនាក់ទំនងបានទេ ។ សូម្បីតំណាងក្រុមហ៊ុនសាងសង់ដោះដូរ ជេ & អ ក៏មិនអាចទាក់ទងបានដែរ ។ ចំពោះបណ្តាប្រតិកម្មទាំងឡាយដែលបញ្ជូនមកដល់កោះសន្តិភាព យើងនឹងប្រមូលផ្តុំផ្សាយជូននៅពេលក្រោយៗទៀត ៕
ចែករំលែកព័តមាននេះ