ខេត្តបាត់ដំបង ៖ ត្រកូលអភ័យវង្សច្រើនដំណរ ដែលបានត្រួតត្រាខេត្តបាត់ដំបងរយៈពេល១១២ឆ្នាំ កាលពី២២៤ឆ្នាំមុន បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ទៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទងនឹងសាវតាដែលខេត្តនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ត្រកូល«អភ័យវង្ស»។
ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបងអស់ជាច្រើនជំនាន់ ដែលខណៈនោះ ខេត្តនេះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម ។ បើយោងតាមឯកសារ និងរូបភាព
ខ្លះៗ នៅក្នុងមន្ទីរពេទ្យអភ័យភូបេត្ស ប្រទេសថៃ ព្រមទាំងសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួង បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ៖ ត្រកូល «អភ័យវង្ស» ដើមនាមត្រកូលអភ័យវង្ស គឺឧកញ៉ាយមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម ។
ត្រកូលអភ័យវង្សបានគ្រប់គ្រង ខេត្តបាត់ដំបង ដល់ទៅ៦ជំនាន់រៀងតៗគ្នាជាលំដាប់រហូតមក ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង ដែលគ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម៩០ឆ្នាំ ។ ជនទីមួយដែលគ្រប់គ្រងខេត្តនេះ ឈ្មោះ បែន ងារជាឧកញ៉ាយមរាជ ។ ខេត្តខណ្ឌនោះ ក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ារបស់សៀម ចាប់ពីពេលនោះ ជាដរាបរៀងមក រហូតដល់បារាំងទាមទារយកពីសៀមវិញ តាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ មីនា ឆ្នាំ១៩០៧ ។
គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃ ។ កំផែងនេះ ហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង ។ បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល៧ឆ្នាំក៏ស្លាប់បាត់ទៅ ។ បន្ទាប់មក រស់ជាកូនរបស់ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥ ។ លុះអស់ពីឈ្មោះរស់ ទៅ កូនរបស់រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត ។
គេមិនដឹងថា នងស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់ គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ១៨៩៤ ។ កូនរបស់យារឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំងប៉ុន្មាននៅបាត់ដំបង (សាលាខេត្តចាស់រាល់ថ្ងៃ) ហើយដឹកទ្រព្យសម្បត្តិ ប្រពន្ធ និងកូនចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី (ធ្វើផ្ទះដូចនៅបាត់ដំបងដែរ ដែលសព្វថ្ងៃជាមន្ទីរពេទ្យអភ័យវង្សក្នុងខេត្តប្រាជីនបូរី) ។
ក្រោយមក ឈុំ ក៏ស្លាប់កំឡុងឆ្នាំ១៩២២។ ឯកសារខ្លះទៀតថា បារាំងបានយល់ព្រមផ្តល់លុយអោយ ឈុំ អភ័យវង្សចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។ បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង ។
តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលសៀម ជាមួយខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់ ។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិសៀម តែជាជនជាតិខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ