ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វកែះ១ក្បាលទម្ងន់ជាង៥០គីឡូ ត្រូវ​អ្នកស្រុក​ជួយសង្គ្រោះ ក្រោយសុនខ១ហ្វូងដេញខាំបោ.លធ្លា.ក់​ទឹក

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វកែះឈ្មោល១ក្បាលទម្ងន់ជាង៥០គីឡូក្រាម ត្រូវបានអ្នកស្រុកទៅស្រែប្រទះឃើញឆ្កែដេញធ្លាក់ទឹកអាងអន្លង់​ត្រាច ក្នុងភូមិ​អន្លង់​ត្រាច ឃុំ​ថ្មពួក ស្រុក​ថ្មពួក កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤…

ខេត្តបន្ទាយមានជ័យ ៖ សត្វកែះឈ្មោល១ក្បាលទម្ងន់ជាង៥០គីឡូក្រាម ត្រូវបានអ្នកស្រុកទៅស្រែប្រទះឃើញឆ្កែដេញធ្លាក់ទឹកអាងអន្លង់​ត្រាច ក្នុងភូមិ​អន្លង់​ត្រាច ឃុំ​ថ្មពួក ស្រុក​ថ្មពួក កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ក៏​នាំ​គ្នា​ចាប់យកទៅប្រគល់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ ។

លោក លីវ សុ​គុណ មេឃុំ​ថ្មពួក​ ថ្លែង​​ថា សត្វ​កែះ​ឈ្មោល​១​ក្បាល​នេះ​ត្រូវ​ឆ្កែ​អ្នកស្រុក ដេញ​​ខាំ​រត់​ធ្លាក់ទឹក​អាង​អន្លង់​ត្រាច​ ទើប​ចាប់​បាន​ប្រគល់​ជូន​អាជ្ញាធរ​ឃុំ​ថ្មពួក​ ហើយ​អាជ្ញា​ធរ​ប្រគល់​បន្ត​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​ទេសភាព​បន្ទាយឆ្មារ​និង​តំបន់​បេ​តិក​ភ័​ណ្ឌ​ភ្នំ​ព្រះ​ភ្នំ​វែង​ ដើម្បី​យក​ទៅ​អភិរក្ស ។

លោក​មេឃុំបញ្ជាក់​ថា មុន​ពេល​ចាប់​បានសត្វ​កែៈ​នេះ មាន​កសិករ​​៤​ទៅ​៥​នាក់បណ្ដើរ​ឆ្កែ​មួយ​ហ្វូង​មាន​ពី​៤​ទៅ​៥​ក្បាល​​ទៅ​មើល​ស្រែ​ ។ ពេល​នោះ ​​ឆ្កែ​ប្រទះ​ឃើញ​សត្វ​កែះនេះ ក៏ដេញ​ខាំ​រហូត​ធ្លាក់ទឹក​អាង​អន្លង់​ត្រាច​ និងហែល​ទៅ​ទួល​កណ្តាល​កោះ​ ក៏​ត្រូវ​​កសិករទាំងនោះ​នាំ​គ្នា​ដេញចាប់បាន សែង​យកមក​ប្រគល់ឲ្យ​អាជ្ញាធរ​ឃុំ​ ។​

ឯកឧត្តម ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា សត្វ​​កែះ​នេះ​ ត្រូវ​បានមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​​តំបន់​ការ​ពារ​ទេស​ភាព​​បន្ទាយ​ឆ្មារ​​បាន​ទទួល​​​​ពី​សហគមន៍ ដោយ​បាន​នាំ​យក​មក​ថែទាំ​យ៉ាង​​យកចិត្តទុកដាក់ ដើម្បី​ពិនិត្យ​សុខភាព និង​​ត្រៀម​ប​ញ្ជូ​ន​ទៅ​កាន់​ឧទ្យាន ​សួនសត្វព្រៃ​ការ​ពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» ។

ឯកឧត្តម​បាន​វាយតម្លៃ​ផង​ដែរ​ថា វត្តមាន​របស់​សត្វ​«​កែះ​» អាច​មាន​ច្រើន​ជាង​នេះ ដែល​នេះ​​​គឺ​ជា​​ការ​​ល្អ​ ហើយ​​មិន​មែន​​ជា​​ការ​​រំខាន​នោះ​​​ទេចំពោះ​មនុស្ស​ ។ ហើយ​​ឯកឧត្តមក៏​បាន​​សំណូម​ពរ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បើ​ឃើញ​​សត្វព្រៃ​សូម​​កុំ​ឱ្យ​មានការ​បរបាញ់ ត្រូវ​យក​​ចិត្ត​ទុក​ដាក់ ក្នុង​​ការ​អភិរក្ស​ថែរក្សា​សត្វព្រៃ ព្រោះ​វា​​និង​ផ្តល់​សារៈ​​​ប្រយោជន៍​ទៅ​ដល់​សហគមន៍​វិញ តាម​រយៈ​​​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​កម្សាន្ត ។

សត្វ«​កែះ​»​ជា​សត្វព្រៃ​ដែល​កំពុង​ប្រឈម​នឹង​​​គ្រោះ​ថ្នាក់​ ដោយ​សារ​​ការ​បាត់​បង់​​ទីជម្រក ​ការ​​​​​​​​​​​​​ទាក់​​​​​ចាប់​ ឬ​​បរ​បាញ់​​ដើម្បី​យក​សាច់ ស្នែង​​​​ឆ្អឹង​ និង​ការ​​ជួញ​ដូរ​ ។ «​កែះ​»ស្ថិត​ក្នុង​ក្រុម​​មាន​​​​​​ដោយ​​​កម្រ​​​​​ត្រូវ​​បាន​​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្គការ IUCN​​ថា​​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​​​​សាកល ។ នេះ​បើ​តាម​សៀវភៅ​ថនិកសត្វ​កម្ពុជា ។

លក្ខណៈ​​ជីវ​សាស្ត្រ«​កែះ​»​​ចូល​​ចិត្ត​រស់នៅ​តំបន់​​​ព្រៃ​ភ្នំ ​ជ្រលង​ ផ្ទាំង​​ថ្ម​​ខ្ពស់​ៗ​​ដែល​​មាន​​គម្រប​​ព្រៃ ​និង​​មាន​ស្រទាប់​រុក្ខជាតិ​ ថ្នាក់ក្រោម​ច្រើន ។ «​កែះ​»​ជា​ប្រភេទ​សត្វ​ដែល​មាន​ភាព​​រហ័ស​រហួន ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅ​​​តាម​ទីជម្រក​ស្ងាត់​ ដូច្នេះ​គេ​កម្រ​ជួប​ប្រទះវា​​ណាស់ ។

«​កែះ​» ចូល​ចិត្ត​យក​រូងភ្នំ​រាក់​ៗ​ធ្វើ​ជាទី​ជម្រក ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​បាន​ដោយសារ​គំនរ​លាមក​របស់​វា ។ នៅ​ពេល​ថ្ងៃ​វា​ចូល​ចិត្ត​សម្រាក​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅ​ពេល​ព្រលឹម ឬ​ក្បាល​ព្រលប់ ។ វា​ចូល​ចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ ។

នា​រដូវ​បន្ត​ពូជ​នៅ​ខែតុលា​និង​ខែធ្នូ កែះ​ញី អាច​កើតកូន​បាន​ម្ដង​១​ជួនកាល​ភ្លោះ ប៉ុន្តែវា​​មាន​​​ដោយ​​​កម្រ​​​​​ បន្ទាប់​​ពី​ពពោះ​រយៈពេល​៧​ខែ ។ កូន​​ដែល​កើតមក​រស់នៅ​ជាមួយ​មេ​របស់​វាស្ទើរ​​​​ពេញ​មួយ​ឆ្នាំ​ទើប​ចាកចេញ ។ សត្វ«​កែះ» គេ​​អាច​​​​សម្គាល​់​បាន​គឺ ​វា​មាន​​សម្បុរ​​ខ្មៅប្រផេះ និង​រោម​វែង​ៗ​ស្តើង ហើយ​មាន​ដងខ្លួន​ខ្លី ចំណែក​​​ជើង​ទាំង​៤​របស់​វា​វែង​ ។ ផ្នែក​ខាងលើ​ដង​ខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាល​ជង្គង់​​​ចុះ​​​មាន​​ពណ៌​ចម្រុះ​ខ្មៅ​-​ប្រផេះ​-​លឿង កន្ទុយ​​​​​របស់​វា​ខ្លី មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ ។

នៅ​លើ​ពំនូល​ក្បាល​រហូត​ដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែង​ៗ​សណ្ឋាន​ដូច​ជា​ប្រែង ។ រីឯ​បបូរមាត់​របស់​វា​វិញ​ពណ៌​ស ហើយ​ផ្នែក​ក្រោម​ក​មាន​ពណ៌​លឿង ឬ​ពណ៌​ស ចំពោះ​ត្រចៀក​វា​វែង​ត្រង់​ទៅ​លើ ។ សត្វ«​កែះ​» វា​មាន​ស្នែង​ដូច​សត្វ​ពពែ​ដែរ ដោយ​ដុះ​កោង​ទៅ​ក្រោយ​បន្តិច មាន​ប្រវែង​ប្រហែល ២៨០​ម​ីល្លី​ម៉ែត្រ​ ពណ៌​ខ្មៅ និង​មាន​គន្លាក់​ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ