រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បានព្យាយាមគេចពីកម្លាំងសមត្ថកិច្ចលោតពីលើអគារជាន់ទី៣ ធ្លាក់មកដី បណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលម្តុំកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលជាជនជាតិកូរ៉េ រត់ចេញពីអគារកើតហេតុខាងលើ ដោយនៅក្នុងដៃមានជាប់ខ្នោះបានព្យាយាមរត់គេចពីជនបង្កម្នាក់ទៀតដែលជាជនជាតិបរទេស ដូចគ្នា ។ ភ្លាមៗនោះសន្តិសុខនៅក្នុងកោះពេជ្រ បានរាយការណ៍ដំណឹងនេះជូនសមត្ថកិច្ចមូលដ្ឋាន ព្រោះខ្លាចជាករណីចាប់ជំរិត ។
បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ និងបាននាំកម្លាំងចុះមកកាន់ទីតាំងកើតហេតុ ដើម្បីស្វែងរកអគារកើតហេតុខាងលើ និងចូលទៅបន្ទាប់កើតហេតុ ។ ភ្លាមៗនោះគេស្រាប់តែឃើញបុរសជនជាតិកូរ៉េដែលជាជនសង្ស័យ រត់ដេញតាមជនរងគ្រោះជាប់ខ្នោះនោះបានធ្វើសកម្មភាពរត់គេចខ្លួនដោយបើកបង្អួចបន្ទប់ជាន់ទី៣ រួចលោតចុះទៅខាងក្រោម ដើម្បីគេចខ្លួនពីសមត្ថកិច្ច តែជាអកុសលជនសង្ស័យខាងលើបានធ្លាក់ពីលើអគារនោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យសពដែលស្លាប់ រួចក៏បាននាំខ្លួនបុរសរងគ្រោះដែលជាប់ខ្នោះដៃនោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនាំ អំពីហេតុការណ៍ខាងលើនេះ ដើម្បីស្រាវជ្រាវ និងអនុវត្តបន្តតាមនីតិវិធីពេលក្រោយ ៕
ចែករំលែកព័តមាននេះ