ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូអ្នកឡើងត្នោត អស់លក្ខណ៍ត្រឹមជ្រុះស្បែកជើងផ្ទាត់១ចំហៀង

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់ ដែល​ទុក​នៅ​ក្រោម​ដើម​ត្នោត ហើយ​រវល់​តែ​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ប៉ុន្តែ​ពេល​លួច​បាន​ឡើង​ជិះ​ប្រុង​គេចខ្លួន ស្រាប់តែ​ជ្រុះ​ស្បែកជើងផ្ទាត់​១​ចំហៀង ។ ខណៈនោះ…

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់ ដែល​ទុក​នៅ​ក្រោម​ដើម​ត្នោត ហើយ​រវល់​តែ​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ប៉ុន្តែ​ពេល​លួច​បាន​ឡើង​ជិះ​ប្រុង​គេចខ្លួន ស្រាប់តែ​ជ្រុះ​ស្បែកជើងផ្ទាត់​១​ចំហៀង ។

ខណៈនោះ លោក​ចោរ​ក៏​បាន​ត្រឡប់​ក្រោយ​ទៅ​រើស​ស្បែកជើង​នេះ​វិញ ក៏​ត្រូវ​បាន​សិស្សសាលា​៣​នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ ហើយ​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្មករ​សំណង់​កំពុងធ្វើការ​នៅ​ជិត​នោះ ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់ និង​រត់​រួច​ម្នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ក្រោម​ដើម​ត្នោត​លើ​ដី​វាល​ក្បែរ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ភ្លាម​ៗ សមត្ថកិច្ច​ពុំ​ទាន់​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ម្នាក់​នេះ​នៅឡើយ​ទេ ។ ចំណែក​បុរស​អ្នក​ឡើងត្នោត​ខាងលើ​ឈ្មោះ អ៊ុ​ល យី​ន អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​នេះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AX-៦៣០៩ ចេញពី​កន្លែង​ស្នាក់​នៅ​ទៅ​ឡើងត្នោត​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ដូច​រាល់ដង ។ ពេល​ទៅ​ដល់ បាន​ទុក​ម៉ូតូ​នៅ​ក្រោម​ដើម​ត្នោត ហើយ​នៅ​លើ​ម៉ូតូ​របស់​គាត់​នោះ​ក៏​មាន​ដឹក​សម្ភារៈ​ផលិត​ទឹកត្នោត ដូច​ជា​ដង្កៀប​កៀប​ផ្កាត្នោត​ញី និង​ឈ្មោល ព្រមទាំង​ខ្សែ​មួយ​ចង្វាយ​ផង​ដែរ ។

បុរស​អ្នក​ឡើងត្នោត​បាន​និយាយ​បន្ត​ទៀត​ថា លុះ​ទុកដាក់​ចាក់សោ​.​ក​ម៉ូតូ​រួចរាល់ គាត់​ក៏​បាន​ឡើង​ទៅ​ដាក់​ទឹកត្នោត​នៅ​លើ​ចុង ពេល​នោះ​ស្រាប់តែ​មាន​ចោរ​ទៅ​លួច​កាច់ក​ម៉ូតូ​គាត់ ដែល​គាត់​អត់​បានដឹង​សោះ ។ ប៉ុន្តែ​ពេល​នោះ​បាន​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់​បាន​យក​មក​វិញ ក៏​ភ្ញាក់ផ្អើល​ឡើង​ទើប​គាត់​ដឹង ។

គាត់​ពិតជា​បាន​ត្រេកអរ និង​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ដែល​បាន​ជួយ​ដេញ​ចាប់ចោរ និង​យក​បាន​ម៉ូតូ​គាត់​ត្រឡប់​មក​វិញ ព្រោះ​ពិបាក​ខ្លាំង​ណាស់ ទំ​រាំ​តែ​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ​១​គ្រឿង​នេះ សម្រាប់​ជិះ​ទៅ​ឡើងត្នោត​កន្លែង​ឆ្ងាយ​ៗ បើ​បាត់​គឺ​ចប់​ហើយ ។

ដោយឡែក​កម្មករ​សំណង់​ដែល​ធ្វើការ​ជិត​នោះ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ ចោរ​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញ​ដើរ​ធ្វើ​សកម្មភាព​លួច ហើយ​ខណៈ​ទៅ​ដល់​ចំណុច​កើតហេតុ បានឃើញ​ម៉ូតូ​អ្នក​ឡើងត្នោត​ចត​ទុក​ក្រោម​ដើម​ត្នោត ហើយ​ម្ចាស់​រវល់​តែ​នៅ​លើ​ចុង​ត្នោត ពួក​ចោរ​ក៏​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច ដោយ​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ដែល​ជា​មធ្យោបាយ​ជិះ​ដើរ​ធ្វើ​សកម្មភាព​លួច ។ ចំណែក​ម្នាក់​ទៀត​ចុះ​ដើរទៅ​កាច់ក​ម៉ូតូ​ក្រោម​ដើម​ត្នោត​នោះ​យ៉ាង​ស្ទាត់ជំនាញ ។ លុះ​ពេល​កាច់ក​បាន ក៏​ឡើង​ជិះ​ដើម្បី​គេចខ្លួន ប៉ុន្តែ​បាន​ជ្រុះ​ស្បែកជើងផ្ទាត់​មួយ​ចំហៀង ទើប​ចោរ​រូប​នេះ​ចុះ​រត់​ត្រឡប់​ក្រោយ​ទៅ​យក​ស្បែកជើង​វិញ ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ខណៈនោះ ត្រូវ​បាន​សិស្សសាលា​៣​នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​ស្គាល់​ថា ម៉ូតូ​នេះ​ជា​របស់​អ្នក​ឡើងត្នោត ព្រោះ​ធ្លាប់​ឃើញ​គាត់​ជិះ​ទៅ​ឡើងត្នោត ហើយ​ទុក​នៅ​ទីនោះ​រាល់ថ្ងៃ ។ ទើប​សិស្សសាលា​ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្មករ​សំណង់​ជិត​នោះ​នាំ​គ្នា​ឡោម​ព័ទ្ធ និង​ដេញចាប់ ហើយ​ក៏​មាន​អ្នក​ភូមិ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បំ​បុក​បណ្ដាល​ឲ្យ​ចោរ​ម្នាក់​នេះ​ដួល ទើប​ចាប់​បាន និង​យក​ម៉ូតូ​បាន​មក​វិញ ។

ពេល​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​ជា​ការ​បញ្ចេញ​កំហឹង រួច​ទើប​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ