ខេត្តកំពង់ចាម ៖ តំបន់មួយចំនួននៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ទឹកទន្លេបានចាប់ផ្តើមហូរចូលលិចផ្លូវហើយ នៅព្រឹកថ្ងៃទី០២ កញ្ញានេះ ដោយមិនអាចជិះកង់ និងម៉ូតូបានទៀតទេ គឺត្រូវឆ្លងទូកដរ ។ ជាមួយនោះមន្ត្រីសុខាភិបាលខេត្តក៏បានត្រៀមលក្ខណៈសម្បត្តិវាក់សាំងសម្រាប់ពស់ចឹក ក្នុងការសង្គ្រោះប្រជាជននៅតាមជួរដងទន្លេមេគង្គផងដែរ ។
លោកជួង រី វ័យ៦០ឆ្នាំ នៅភូមិទី៣ ឃុំកោះសូទិនប្រាប់ថា គាត់ និងអ្នកភូមិជាច្រើននាក់ទៀតបានប្រើប្រាស់ទូកចំនួន០៤គ្រឿង ក្នុងនោះមាន០២គ្រឿងត្រូវបានចងព្យាង្គជាប់គ្នា ដើម្បីដាក់អ្នកដំណើរមានកង់ និងម៉ូតូត្រូវឆ្លងពីត្រើយកោះមិត្តមកកាន់ឃុំកោះសូទិន ក្នុងមនុស្សម្នាក់យកតម្លៃ៥០០រៀល បើមានម៉ូតូ១គ្រឿងទៀត សរុបត្រូវយក១.០០០រៀល ។
អ្នកចម្លងទូកដររូបនេះបានរំលឹកថា កាលពីក្នុងដើមខែកញ្ញាដូចគ្នា ២០១៨ កន្លងទៅ គាត់បានចម្លងអ្នកដំណើរបានកន្លះខែមកហើយ ដោយទឹកទន្លេមេគង្គបានហក់ឡើងលឿន និងលិចយូរទៀតលុះមកដល់ថ្ងៃទី០២ កញ្ញា ២០១៩ ទឹកទន្លេបានចាប់ផ្តើមលិចតាមផ្លូបេតុងមកភូមិរបស់គាត់ គេមិនអាចធ្វើដំណើរដោយមធ្យោបាយកង់ និងម៉ូតូកើតនោះទេ គឺមានតែប្រើប្រាស់ទូកដរ ។ ហើយលុយដែលរកបានត្រូវយកមកបែងចែកគ្នា ព្រោះមានភាគហ៊ុនជាច្រើននាក់មិនបានច្រើននោះទេ តែគ្រាន់បានដោះស្រាយជីវភាពគ្រួសារនៅរដូវវស្សាធ្វើចំការមិនបានទេដីត្រូវបានទឹកឡើងមកលិចអស់ របរចម្លងទូកនេះគ្រាន់នឹងអាចដោះការលំបាកក្នុងគ្រួសារបានមួយគ្រាផងដែរ ។
លោក លន់ ម៉េងហួង វ័យ៥០ឆ្នាំ នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ប្រាប់ថាមកដល់ដើមខែកញ្ញា ២០១៩ ទឹកទន្លេមេគង្គបានទើបនឹងឡើងមកលិចអូរ ត្រង់ព្រំប្រទល់ជាមួយឃុំកោះសូទិនដែលខុសពីឆ្នាំ២០១៨ កន្លងទៅទឹកទន្លេបានឡើងមកលិចផ្លូវបេតុងក្នុងភូមិលើជង្គង់មនុស្សចាស់ ។ ពេលត្រូវធ្វើដំណើរមកណាត្រូវជិះទូកតែដោយដីផ្ទះរបស់គាត់ទួលខ្ពស់ទឹកលិចត្រឹមស្នងជើងប៉ុណ្ណោះ ហើយរូបលោកតែងប្រកាន់ភ្ជាប់ «ផឹកស្អាត ហូបស្អាត រស់នៅស្អាត» ។
លោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ចាប់ពីដើមខែមករា មកដល់ដើមខែកញ្ញា ២០១៩ ប្រជាពលរដ្ឋដែលរងគ្រោះដោយពស់ចឹកមានចំនួន១៥៣នាក់ ក្នុងនោះស្រីចំនួន៤៧នាក់ ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ដោយមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះទេ ។ ហើយដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកអភិបាលខេត្តមន្ទីរសុខាភិបាលខេត្តបានត្រៀមថ្នាំសង្កូវ និងវាក់សាំងសម្រាប់ពស់ចឹកគ្រប់កន្លែង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក និងខេត្តក្នុងការសង្គ្រោះប្រជាជនដែលរងគ្រោះដោយគ្រោះទឹកជំនន់ ។ តាមផ្លូវគោកមានរថយន្តចំនួន២០គ្រឿង និងផ្លូវទឹកមានអូរប័រសម្រាប់ត្រៀមសង្គ្រោះរួមជាមួយនឹងទីទួលសុវត្ថិភាពជាច្រើនកន្លែង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ