រាជធានីភ្នំពេញ ៖ រថយន្តលាយបេតុង១គ្រឿងបានបើបរបោះពួយជ្រុលទៅបុកចំពាក់កណ្ដាលខ្លួនរថយន្តបែនដឹកខ្សាច់១គ្រឿងទៀត ត្រង់ចំណុចផ្លូវកោង បណ្ដាលឲ្យរថយន្តដឹកដីនេះក្រឡាប់បះជើងដេកផ្អៀងខ្លួនស្ដូករងខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅលើកំណាត់ផ្លូវបេតុង ត្រង់ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តបែនដឹកខ្សាច់ដែលក្រឡាប់នោះម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1466 ចំណែករថយន្តលាយបេតុងម៉ាកហ៊ីយ៉ាន់ ដាពណ៌ស ហើយអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានស្គាល់ឈ្មោះឡើយ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់១គ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះពេលទៅដល់ត្រង់ចំណុចផ្លូវកោងក៏ត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយលាយបេតុងដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា ។ និងបញ្ច្រាសទិសចរាចរណ៍ក្នុងល្បឿនលឿនសរសៀរតាមចិញ្ចើមផ្លូវជ្រុលទៅបុកចំពាក់កណ្តាលខ្លួនរថយន្តបែន ព្រមទាំងរុញបណ្ដាលឲ្យក្រឡាប់បះជើងតែម្តង ។
ប្រភពដដែលបានបន្តថា ខណៈនោះបានបណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួសឡើយ ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បឹងធំ និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅពិនិត្យ និងឲ្យភាគីទាំង២សម្របសម្រួលគ្នា បន្ទាប់មកភាគីរថយន្តបង្កលាយបេតុងយល់ព្រមយករថយន្តដឹកខ្សាច់ទៅជួសជុសឲ្យវិញដើម្បីបញ្ចប់រឿង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ