ខេត្តតាកែវ ៖ ប្រឡាយទឹកសាធារណៈបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមួយខ្សែ ត្រូវបានអ្នកមានប្រាក់ម្នាក់ សាងសងរបងរំលោភចូលក្នុងប្រឡាយ យកធ្វើជាកម្មសិទ្ធិយ៉ាងរំភើយ ដោយមិនបានរំខានដល់លោកអភិបាលស្រុកត្រាំកក់ឡើយ បើទោះបីជាកន្លងមក ខាងអាជ្ញាធរស្រុកបានចុះត្រួតពិនិត្យ និងសម្របសម្រួលម្តងជាពីរដងរួចមកហើយក្តី ក៏គេចេះតែធ្វើរហូតហើយជាស្ថាពរទៅហោង ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើអ្នកមានប្រាក់ពិតជាអាចធ្វើអ្វីៗតាមតែអំពើចិត្តទាំងបំពាន
បែបនេះបានដែរ ឬយ៉ាងណា? ។
ប្រឡាយសាធារណៈបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដែលត្រូវបានអ្នកមានប្រាក់សាងសង់របងរំលោភយកដល់ទ្រូងប្រឡាយនេះ ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប្រជាពលរដ្ឋបានប្រាប់ថា អ្នកមានលុយដែលធ្វើរបងរំលោភយកប្រឡាយទឹកសាធារណៈនេះ ឈ្មោះ សែម សារ៉ែនឌី ភេទប្រុស បានសាងសង់របងថ្មរំលោភចូលដីប្រឡាយនេះជាងពីរខែមកហើយ ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរស្រុកត្រាំកក់ចុះមកពិនិត្យនិងសម្របសម្រួលផងដែរ តែដូចជាមិនមានផ្លែផ្កាសោះ ព្រោះម្ចាស់របងនៅតែបន្តសាងសង់ដដែល ដូចជាមិនខ្លាចនិងស្តាប់អាជ្ញាធរ ឬមួយសែនព្រេនម្ចាស់ទឹកម្ចាស់ដីត្រូវហើយទើបអ្នកតាមិនកាច់? ។
ករណីនេះដែរ លោក លន់ ហួត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកត្រាំកក់ បានចេញសេចក្តីបកស្រាយថា លោក សែម សារ៉ែនឌី ដែលជាម្ចាស់ក្បាលដីលេខ០២០២ ពិតជាបានសាងសង់របងថ្មរំលោភចូលដីប្រឡាយចំនួន០.៣០ម៉ែត្រ និងមានប្រវែង៤៣ម៉ែត្រប្រាកដ
មែន ។
ទាក់ទងទៅនឹងករណីខាងលើនេះ លោកសាយ វណ្ណះ អភិបាលរងស្រុកត្រាំកក់បានឆាតតាមបណ្តាញសង្គមហ្វេសបុកប្រាប់ថា ការដែលម្ចាស់របស់ធ្វើចូលដីប្រឡាយនេះ គឺកំហុសមកពីជាងជាអ្នកធ្វើជ្រុលចូលទៅមិនមែនម្ចាស់ដីរំលោភធ្វើរបងចូលទេ ហើយខាងស្រុកក៏មិនហានត្រូវរ៉ូវជាមួយគេដែរហើយចំពោះរឿងនេះខាងខេត្តក៏បានដឹងដែរ។
ចំណែកបុគ្គលដែលមានលុយហើយធ្វើរបងរំលោភយកដីប្រឡាយសាធារណៈយកមកធ្វើកម្មសិទ្ធិនោះបានឆាតតាមហ្វេសបុកថា អាពួកកាសែតវាធ្វើអីក៏ដោយទាំងងងើលមិនចេះច្បាប់អីសោះ អញឈឺក្បាលណាស់ ។ គេទទួលស្គាល់ធ្វើរបងចូលមែនតែ២តឹកទេ តែខាងសុរិយោដីថាបីតឹក ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ