ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​បញ្ចប់​ដំណើរការ​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ជោគជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ចប់​ដំណើរការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២-២៨ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ចប់​ដំណើរការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២-២៨ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជ​ប់​ដោយ​ជោគជ័យ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៩ សីហា បាន​ឲ្យ​ដឹង​ថា ដំណើរការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​ដោយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០​ក្នុង​រាជធានី​ភ្នំពេញ ។

ប្រភព​បាន​បន្ត​ថា​គណៈកម្មការ​កំណែ​ទាំងអស់​គោរព​តាម​បទបញ្ញត្តិ​នៃ​ដំណើរការ​កំណែ​បាន​ល្អ និង​អនុវត្ត​តាម​កម្រង​ភារកិច្ច​ប្រកបដោយ​ភាព​ហ្មត់ចត់​ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ ខ្ពស់ ។ ដំណើរការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាជ្ញាធរ​ដែនដី​កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល ។ ដំណើរការ​បន្ទាប់ គឺជា​ដំណើរការ​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ ។

តាម​ការ​គ្រោងទុក​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅ​តាម​មណ្ឌល​ប្រឡង​ផ្សេង​ៗ​ទៀត នៅ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ។

សូម​ជម្រាប​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃ​ទី​១៩-២០ សីហា​ប្រព្រឹត្ត ទៅ​ដោយ​រលូន​ល្អ​មិន​មាន​បាតុភាព​កើតឡើង​ភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ ស្ទឹង​ត្រែង រតនគិរី និង កោះកុង ប៉ុន្តែ​ដំណើរការ​សំ​ណេ​រ​នៅ​តែ​មានដំណើរ​ការ​ល្អ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ​ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង ប្រទេស​គណៈ អប្បមាទ​ទូ​ទាំង​ប្រទេស​ជំនួយការ​អប្បមាទ ទូ​ទាំង​ប្រទេស​ប្រធាន​អនុប្រធាន មណ្ឌល គណៈកម្មការ កណ្ដាល​គណៈកម្មការ​ត្រួតពិនិត្យ អគារ​គណៈកម្មការ​អនុរក្ស​ដោយ​មានការ​ចូលរួម​សហការ​ដោយ​សហភាព សហព័ន្ធ យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

ដោយឡែក​បេក្ខជន​បាន​គោរព​បទបញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២​នេះ មាន​ពីរ មុខ​វិជ្ជា សម្រាប់​ថ្នាក់ វិទ្យាសាស្ត្រ ( អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​គណិត​វិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​) ។ ចំនួន​បេក្ខជន​អវត្តមាន​នា​ពេល​ព្រឹក​ចំនួន​១៨១៨ នាក់ ស្រី​៦៩៦​នាក់ ជា​ភាគរយ​១.៥៥% ។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៦៣​ករណី ក្នុង​នោះ​មិន អាច​វិល​ត្រឡប់​មក​ប្រឡង​វិញ​៣​ករណី ចំណែក​បេក្ខជន​ផ្សេង​ទៀត​បន្ត​ប្រឡង​ជា​បន្ត​ទៀត បាន​បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ