រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែងត្រូវបានរថយន្តមួយគ្រឿងពាក់ស្លាកលេខ ចង្កូតស្តាំ បានបើកបុករះ បណ្តាលឲ្យខូចខាតសំភារៈជាច្រើនក្នុងផ្ទះលក់ដូរនោះ ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិបស្ពាយឌ័រ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះដែលមិនបានប្រាប់ឈ្មោះរៀបរាប់ឲ្យដឹងថា រថយន្តបង្កខាងលើជាប្រភេទរថយន្តមួយបាំងកន្លះ ពណ៌ស្លែ បើកចេញពីក្លឹបស្ពាយឌ័រ ដែលនៅទល់មុខផ្ទះរបស់គាត់ លុះពេលបើកចេញពីក្លឹបស្ពាយឌ័រក៏បានរ៉េចង្កូតទៅបុកអីវ៉ាន់លក់ដូរនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតអីវ៉ាន់លក់ដូរយ៉ាងធ្ងន់ធ្ងរ បន្ទាប់មករថយន្តបង្កខាងលើក៏បានព្យាយាមបើកគេចបាត់ស្រមោលផងដែរ ។
តាមប្រភពព័ត៌មានពីយុវជនដែលកំពុងអង្គុយលេងជិតកន្លែងកើតហេតុ និងបានឃើញហេតុការណ៍ជាក់ស្ដែងបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កមួយគ្រឿងខាងលើបើកចេញពីក្លឹបស្ពាយឌ័រ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ត្រឡប់ក្រោយវិញក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកក៏រ៉េចង្កូតទៅផ្នែកខាងស្តាំបានបុករះចូលផ្ទះលក់អីវ៉ាន់ចាប់ហួយខាងលើ និងបុកក្មេងស្រីម្នាក់ដែរ តែរងរបួសស្រាល បន្ទាប់ពីបង្កហេតុរួច រថយន្តខាងលើបានបើកគេចបាត់ ។ ភ្លាមៗនោះសមត្ថកិច្ចបានតាមដេញដែរ តែដោយសាររថយន្តបង្កខាងលើបើកលឿនពេក ទើបសមត្ថកិច្ចដេញមិនទាន់ ហើយរថយន្តបង្កបើកគេចបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ អ្នកលក់ចាប់ហួយខាងលើ បានទៅដាក់ពាក្យបណ្ដឹងភ្លាមៗផងដែរដើម្បីអោយសមត្ថកិច្ចសើបអង្កេតរករថយន្តបង្កខាងលើមកចាក់ការតាមនិតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ