រាជធានីភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ត្រូវបានគេមើលឃើញថាមានកំណើនឡើងគួរឱ្យកត់សម្គាល់ តែអ្វីដែលមិនប្រែប្រួលនោះ គឺឱនភាពពាណិជ្ជកម្មសម្រាប់កម្ពុជាជាមួយនឹងពិភពលោកនៅតែចោទដដែល ក្នុងនោះកម្ពុជានាំចេញមានទំហំតិចជាងការនាំចូលស្ទើរតែពាក់កណ្ដាល ។ យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានអោយដឹងថា ក្នុងរយៈពេលមួយឆមាសឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មកម្ពុជាសរុប មានចំនួន១៧,៣ពាន់លានដុល្លារអាមេរិក ក្នុងនោះដែរ កម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកមានទឹកប្រាក់ប្រមាណ៦,៨ពាន់លានដុល្លារអាមេរិក ខណៈនាំចូលមកវិញនូវទំហំទឹកប្រាក់ប្រមាណ១០,៥ពាន់លានដុល្លារអាមេរិក ។
របាយការណ៍ដដែលបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាស្មើនឹងប្រមាណ៤៨,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយការនាំចូលវិញមានរហូតដល់ ៧៣,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ។ តាមតួលេខនេះ ក៏បានបង្ហាញផងដែរថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិនៅតែមានខ្ពស់ ដោយតួលេខបានបង្ហាញច្បាស់ថា ការនាំចេញមានតិចជាងការនាំចូលជិតពាក់កណ្ដា ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាអ្នកស្វែងទីផ្សារសម្រាប់ផលិតផលខ្មែរ បាននិងកំពុងចរចាស្វែងរកទីផ្សារថ្មីៗ ទាំងឯកតោភាគីនិងទ្វេរភាគីដើម្បីនាំផលិតផលខ្មែរ ឱ្យបានកាន់តែច្រើន ។ នៅពេលដែលកម្ពុជា ចរចាទីផ្សារបាន ភារបន្ទាប់ គឺវិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការកែច្នៃ ផលិតផលដើម្បីនាំចេញ ទៅតាមតម្រូវការទីផ្សារអន្តរជាតិ ។ លោកបានបន្តថា «ការនាំចេញផលិតផលកែច្នៃ នឹងអាចជំរុញទំហំទឹកប្រាក់នាំចេញរបស់យើង កាន់តែច្រើន ពីព្រោះផលិតផលកែច្នៃ វាមានតម្លៃខ្ពស់ជាងផលិតផលមុនកែច្នៃ ដូច្នេះយើងនឹងបានតម្លៃបន្ថែមខ្ពស់» ។
បើតាមលោកប៉ាន សូរស័ក្តិបានបន្តថា ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញានឹងជំរុញ ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ឱ្យចប់នៅចុងឆ្នាំនេះ ដែលកិច្ចព្រមព្រៀងនេះ វាមានសារសំខាន់ ក្នុងការនាំចេញនូវផលិតផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសជាដៃគូរក្នុងកិច្ចព្រមព្រៀង ។ កិច្ចព្រមព្រៀង RCEP ជាទីផ្សារពាណិជ្ជកម្មសេរីដ៏ធំ ដែលមានចំនួន១៦ ប្រទេស គឺប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ រួមមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវ៉ែលហ្សេឡង់ ដែលមានប្រជាជនស្មើនឹងប្រមាណ ៤៥% នៃចំនួនប្រជាជន លើពិ ភព លោកនិងមានទំហំពាណិជ្ជកម្មប្រមាណ ៤០% នៃពាណិជ្ជកម្មពិភពលោក ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាបញ្ហាប្រឈមសម្រាប់ការនាំចេញផលិតផលកម្ពុជា រួមទាំងផលិតផលកសិកម្មផងដែរនោះគឺ «ហេដ្ឋារចនាសម្ព័ន្ធ របស់យើងនៅមានកម្រិតនិងត្រូវការអភិវឌ្ឍន៍បន្ថែម» ដើម្បីអោយការនាំចេញយើងបានលឿន និងទៅដល់គោលដៅ បានឆាប់រហ័ស ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ