រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX470 ព្រមទាំងអ្នកបើកបរម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គោករការស្ទាក់ឃាត់ខ្លួន រួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចមូលដ្ឋានពុំបានបញ្ជាក់ថាជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ។
ការស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២០១១ ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
រថយន្តមួយគ្រឿងដែលសមត្ថកិច្ចស្ទាក់ឃាត់ខាងលើនេះម៉ាកឡិចស៊ីស LX470 ពណ៌កាម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ ២V-៩០៦៨ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីនគរបាលប៉ុស្តិ៍គោករការបានអោយដឹងថា ការឃាត់រថយន្តមួយគ្រឿងខាងលើនេះគឺធ្វើឡើងតាមរយៈការប្រកាសតាមវិទ្យុទាក់ទងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងផ្សព្វផ្សាយតាមប្រព័ន្ធ WHATS APP ដើម្បីអោយសមត្ថកិច្ចតាមបណ្តាខណ្ឌ និងប៉ុស្តិ៍នានាស្ទាក់ឃាត់រថយន្តដែលមានស្លាកលេខដូចខាងលើនេះ។
តាមប្រភពដដែលអោយដឹងបន្តថា លុះនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលក៍បានជិះល្បាតក្នុងមូលដ្ឋានក៍ប្រទះឃើញរថយន្តនោះបើកបរដោយបុរសម្នាក់ជិះនៅតាមដងផ្លូវក្បែរប៉ុស្តិ៍ ហើយសមត្ថកិច្ចក៍បានឃាត់ និងទាក់ទងទៅថ្នាក់លើដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាន រួចក៍បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ។ ទោះបីជាយ៉ាងណា នគរបាលមូលដ្ឋានពុំបានបញ្ជាក់ឱ្យដឹងថារថយន្តខាងលើជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ