ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ជុំវិញករណីឃាតកម្មនៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ដែលជនដៃដល់២នាក់ឪពុក-កូន បានព្រួតគ្នាសម្លាប់បុរសចំណាស់ម្នាក់ នៅក្នុងភូមិឃុំជាមួយគ្នាដោយសារតែរឿងគំនុំ ហើយរត់គេចទៅលាក់ខ្លួននៅភ្នំពេញ តាំងពីថ្ងៃកើតហេតុមកនោះ កម្លាំនគរបាលខេត្ត សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចុះទៅស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ជាកូននៅភូមិខ្ទរ
សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា នាំមកកាន់ស្នងការដ្ឋានខេត្តដើម្បីសាកសួរ ។
លោកវរសេនីយ៍ទោ ឈិន ឈាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិធ្ងន់ខេត្ត មានប្រសាសន៍ថា បុរសឈ្មោះ ឡុង សារី អាយុ៥២ឆ្នាំ រួមជាមួយកូនប្រុសឈ្មោះ តេន សារ៉ូ អាយុ២៥ឆ្នាំ បានស្ទាក់វាយជនរងគ្រោះនៅលើផ្លូវលំក្បែរផ្ទះរបស់ខ្លួន ដោយប្រើចបជីកដែក នៅពេលជនរងគ្រោះធ្វើដំណើរដោយជិះម៉ូតូមកដល់គោលដៅដែលជនជនសង្ស័យឈរស្ទាក់។
នៅពេលនោះ ជនឈ្មោះ ឡុង សារី បានទាញចបជីកដែកវាយជនរងគ្រោះពីមុខត្រូវក្រោមកមួយចបជីក បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ ហើយស្ទុះទៅវាយក្បាលរួចយកចបជីកទៅចាក់ត្រង់បំពង់កជនរងគ្រោះឈ្មោះ ឡី ផេង ភេទប្រុស អាយុ៥២ឆ្នាំបន្ថែមទៀត ។ លោកនាយការិយាល័យបន្តថា នៅពេលជនសង្ស័យជាឪពុកវាយជនរងគ្រោះដែលមើលទៅមិនទាន់ស្លាប់គ្រាន់តែសន្លប់នោះ កូនប្រុសឈ្មោះ តេន សារ៉ូ ហៅអ៊ូ បានស្ទុះទៅទាញចបជីកពីឪពុកខ្លួនទៅវាយជនរងគ្រោះត្រង់ក្បាលជាច្រើនចបបន្ថែមទៀត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ។
លោកនាយការិយាល័យបន្តទៀតថា មូលហេតុឈានដល់កើតមានអំពើហិង្សាយ៉ាងសាហាវនេះ គឺដោយសារជនសង្ស័យមានកំហឹងនឹងជនរងគ្រោះ ដោយជនរងគ្រោះបាននិយាយប្រាប់ញាតិជិតខាងថាឈ្មោះ
ឡុង សារី ចេះអំ ពើអាបធ្មប់ ហើយធ្វើអំពើនេះប៉ះពាល់មកលើក្រុម គ្រួសាររបស់ខ្លួន ។ ពេលឮពាក្យខាងលើនេះហើយ ទើបធ្វើឲ្យមានកំហឹងមកលើជនរងគ្រោះ និងឈានដល់ប្រព្រឹត្តអំពើហិង្សាយ៉ាងសាហាវដូច្នេះ ។
ក្រោយពីវាយជនរងគ្រោះស្លាប់ហើយ ទាំង២នាក់ឪពុកនិងកូនក៏ជិះម៉ូតូរត់គេចខ្លួនតាំងពីថ្ងៃនោះមក ចំណែកសមត្ថកិច្ចក៏តាមប្រមាញ់រហូតមកដែរ ដោយធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យជាកូនប្រុសនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ នៅពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានព្រួតគ្នា២នាក់ឪពុកវាយជនរងគ្រោះរហូតដល់ស្លាប់មែន និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបុរសជា
ឪពុកទៀត ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ