រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ប្រទះឃើញសមត្ថកិច្ចបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនត្រួតពិនិត្យ និងនាំទៅសាកសួរនាំបន្តនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ធ្វើតេស្តទឹកនោមឃើញមានសារជាតិញៀនក៏ឃាត់ខ្លួនតែម្តង ។ ហេតុការណ៍ឃាត់ជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៥0នាទីយប់ ថ្ងៃទី ២២ កក្កដា នៅផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ ថាន់ សុខចាន់ ភេទប្រុស អាយុ20ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិជើងទឹក ភូមិប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់បានប្រាប់អោយដឹងថា មុនកើតហេតុគឺកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានទប់ស្កាត់បទល្មើសផ្សេងៗ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ល្បាតមកដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យខាងលើដើរចុះដើរឡើងតែម្នាក់ឯងនៅទីតាំងខាងលើ ហើយពេលបានឃើញសមត្ថកិច្ចជនសង្ស័យព្យាយាមដើរគេច ។
ដោយមានការសង្ស័យភ្លាមៗនោះកម្លាំងល្បាតក៏បានឃាត់ខ្លួនត្រួតពិនិត្យ និងនាំទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ។ បន្ទាប់ពីសាកសួរនាំកម្លាំងសមត្ថកិច្ចក៏បានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)ក៏ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ