រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរចារណ៍ផ្លូវគោកបានស្នើឲ្យសមត្ថកិច្ចបន្តចូលរួមក្នុងយុទ្ធរយៈពេល១ខែ ឃាត់ម៉ូតូទុកគ្មានពាក់មួកសុវត្ថិភាព មានមួកទើបអនុញ្ញាតឲ្យទៅ ។
សម្តេចក្រឡាហោម ស ខេង បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៤ កក្កដានេះថា បងប្អូនជនរួមជាតិជាទីគោរព ! នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវសេចក្ដីត្រេកអរចំពោះលទ្ធផលជាបន្តបន្ទាប់នៃការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស ។ សម្តេចបញ្ជាក់ថា ៖«ចាប់តាំងពីយើងបានអនុវត្តមក ខ្ញុំព្រះករុណាខ្ញុំ សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេសបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មគួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពជាដាច់ខាត» ។
សម្តេចបន្ថែមថា ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំក៏សូមកោតសរសើរ និងអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមអធ្យាស្រ័យចំពោះវិធានការឃាត់ម៉ូតូទុក ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាពមកពាក់ទើបអនុញាតឲ្យបន្តដំណើរ ។ ជាមួយគ្នានោះដែរសម្តេចក៏សូមអំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា» ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ