រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខុនដូរ និងផ្ទះជួល២កន្លែងត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃធ្វើការឡោមព័ទ្ធឆែកឆេរជាបន្តបន្ទាប់ ដើម្បីរុករកវត្ថុងតាងបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យដែលគេអះអាងថា ពាក់ព័ន្ធនឹងការជួញដូរអាវុធទំនើបៗដែលផ្ញើតាមក្រសួងប្រៃសណីយ៍ ។ ចំណែកព័ត៌មានខ្លះបានអះអាងថា ផ្ញើកញ្ចប់លុយខ្មៅពីក្រៅប្រទេស ។
សេចក្តីរាយការណ៍បានបន្ត ទោះបីជាយ៉ាងណាគេពុំដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ប៉ុន្មាននាក់នោះឡើយ ហើយពាក់ព័ន្ធបទល្មើសអ្វីច្បាស់លាស់នៅឡើយ ដោយសមត្ថកិច្ចពុំបានផ្តល់ព័ត៌មានឡើយ សូម្បីតែថតពីទិដ្ឋភាពក៏សំណូមពរមិនអោយថតផ្សាយដែរ ដោយក្លាយបែកការណ៍ ព្រមទាំងបញ្ជូនជនសង្ស័យគេចពីការតាមប្រមាញ់រូបភាព ។
ដោយប្រតិបត្តិការឆែកឆេរនេះបានធ្វើឡើងជាបន្តបន្ទាប់ នៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែកក្កដានេះ ទីតាំងដែលត្រូវសមត្ថកិច្ចឆែកឆេរ ១- ខុន ដូរ RICH ELITE APARTMENT ដែលស្ថិតនៅអគារលេខ៦០ ផ្លូវ៥៦៦ កែងផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងទីតាំងទី២- ជាផ្ទះជួល បន្ទប់លេខ១០២ ផ្ទះលេខ១៥ ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមព័ត៌មានបានទម្លាយអោយដឹងថា ជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃឃាត់ខ្លួន ដោយពាក់ពន្ធជួញដូរអាវុធប្រភេទទំនើប ដែលផ្ញើពីក្រៅប្រទេស តាមរយៈប្រៃសណីយ ។ បន្ទាប់ពីឃាត់ខ្លួននៅព្រឹកថ្ងៃទី២០ ខែ កក្កដានេះ សមត្ថកិច្ចបាននាំជនសង្ស័យម្នាក់ទៅឆែកឆេរបន្ទប់ខុនដូរ RICH ELITE APARTMENT ដែលជនសង្ស័យស្នាក់នៅ ដើម្បីរកវត្ថុតាងបន្ថែមទៀត ។ ការឆែកឆេរអស់រយៈពេលជាច្រើនម៉ោង តែទោះបីជាយ៉ាងណាគេពុំបានដឹងពីលទ្ធផលឡើយ ដោយនគរបាលពុំបានទម្លាយអោយដឹងនោះឡើយ ។ លុះនៅវេលាម៉ោងប្រមាណ១២និង៣០នាទីនគរបាលក៍បានបន្តទៅឆែកឆេរបន្ទប់ផ្ទះជួលទៀតដោយសមត្ថកិច្ចរកពុំឃើញមានវត្ថុតាងនោះទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ