រាជធានីភ្នំពេញ ៖ សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEP» លើកទី១១ នៅចុងឆ្នាំ២០២០ ខាងមុខនេះ ។ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអនុគណៈកម្មការ និងលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំនេះ និងបានផ្សព្វផ្សាយផ្តើមដំណើរការងារខ្លួនជាផ្លូវការ ចាប់ពីពេលនេះទៅ ។
លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្រេចធ្វើជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP លើកទី១១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាអនុប្រធានគណៈកម្មការរៀបចំ ។ ចំណែកលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាប្រធានលេខាធិការដ្ឋានជាតិ ASEP ដោយមានលោកឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ជាអនុប្រធាន ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) មានឈ្មោះជាភាសាអង់គ្លេស «Asia-Europe Parliamentary Partnership Meeting» ។ ASEP គឺជាផ្នែកមួយនៃកិច្ចប្រជុំភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប ដែលហៅកាត់ថា «ASEM»។ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM លើកទី១៣ នៅក្នុងឆ្នាំ២០២០នោះដែរ ហើយសមាជិកសភាដែលជាប្រទេសសមាជិក ASEM នឹងត្រូវមកចូលរួមកិច្ចប្រជុំ ASEP ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា« ASEP» មានគោលបំណងជំរុញទំនាក់ទំនងការផ្លាស់ប្តូរបទពិសោធន៍ និងការទូតអន្តរជាតិសភា ក្នុងចំណោមសភាលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប ។
ជាមួយនឹងការប្រកាសសមាសភាពក្រុមការងារទាំងកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភាលោកបណ្ឌិត ងួន ញ៉ិល បានជំរុញឲ្យមានការខិតខំបំពេញភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពខ្ពស់ ។ ជាពិសេសបំពេញការងារតាមកាលបរិច្ឆេទឲ្យបានទៀងទាត់ ដូចជា ការកំណត់ប្រធានបទកិច្ចប្រជុំ និងខ្លឹមសារពាក់ព័ន្ធនានា ។ ឆ្លងកាត់បទពិសោធន៍ក្នុងការរៀបចំវេទិកាអន្តរសភាជាច្រើនលើកមកហើយ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការរៀបចំសង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១នេះ នឹងដំណើរទៅដោយរលូនប្រកបដោយ ភាពជោគជ័យ លើកកម្ពស់កិត្យានុភាពសភាកម្ពុជា និងប្រទេសជាតិទាំងមូលលើកឆាកអន្តរជាតិបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ