ប្រទេសចិន ៖ ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ចិនងាកកាន់តែខ្លាំងទៅរកការទិញមាសតម្កល់ទុក ជាជាងប្រាក់ដុល្លារសម្រាប់៧ខែជាប់គ្នាហើយ។ ធានាគារកណ្ដាលចិនក្នុងខែឧសភាបានទិញមាសតម្កល់ទុក ប្រមាណជា៦១,៦១លានអោន ហើយបង្កើនដល់៦១,៩៤លានអោនក្នុងខែមិថុនា។
បើគិតជាតោនចិនទិញមាសក្នុងខែមិថុនាចំនួន១០,៣តោន ហើយក្នុងរយៈពេល៦ខែទិញមាសស្តុកដល់ជិត៧៤តោន។ អ្នកជំនាញការជាច្រើនជឿជាក់ថា នោះជាយុទ្ធសាស្ត្រនៃការពុំផ្ដេកផ្ដួលតែទៅលើប្រាក់ដុល្លារ ដោយសារភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ មាសជាភាគហ៊ុនឯករាជ្យមានន័យថា ក្នុងករណីមានការហាមឃាត់ សំដៅលើប្រទេសប្រទេសណាមួយ នោះប្រទេសនេះអាចនៅបន្តរកសីុលក់ដូរទូទាត់ឬក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរកសីុគិតជាមាស។
តើមាសកាន់តែឡើងថ្លៃជារឿងអាក្រក់សម្រាប់ប្រាក់ដុល្លារឬ? អាជ្ញាធរចិនបានចេញផ្សាយជាថ្មីរៀងរាល់ខែ ព័ត៌មានស្ដីពីមាសស្តុករបស់ខ្លួន។ លោកHOWIE LEEសេដ្ឋកិច្ចវិទូ របស់ក្រុមហ៊ុនOVERSEA CHINESE BANKING CORPនៅសិង្ហបុរីនិយាយថា ដោយសារភាពតានតឹង ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គ្មានអ្វីឆ្ងល់ទេដែលក្រុងប៉េកាំងប៉ុនប៉ងកាត់បន្ថយការពឹងពាក់ តែលើប្រាក់ដុល្លារក្នុងការតម្កល់ធនធានទុក។
លោកបន្តថាក្រុងប៉េកាំងប្រហែលជានឹងបន្តបង្កើនការតម្កល់មាសទុកក្នុងបណ្ដាខែខាងមុខ ខណៈខ្លួនមិនទាន់រត់ទាន់ការតម្កល់មាសទុក របស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់។
វត្តមាននៃការតម្កល់មាសទុកបានច្រើន ក៏ជាកត្តាសំខាន់ផងដែរ សម្រាប់ការធានារបស់ចិនក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចធំ។ ម្យ៉ាងវិញទៀតដោយសារការកើនឡើងកាន់តែខ្ពស់នៃតម្លៃមាសចាប់ពីខែមុនមក តម្លៃនៃការស្តុកមាសរបស់ចិនក៏មានការកើនខ្ពស់ចាប់តាំងពី៤ឆ្នាំមកហើយដែរ។
យោងតាមការព្យាករណ៍របស់អ្នកវិភាគមួយចំនួនថា សរុបចិនអាចទិញមាសជិត១៥០តោននាឆ្នាំនេះ។ ប្រទេសរុស្ស៊ីក៏ស្ថិតក្នុងចំណោមបណ្ដាអ្នកទិញមាសស្តុកទុកច្រើនដែររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាដំណាច់ឆ្នាំ២០១៨រុស្សុីស្ថិតក្នុងចំណោមTOP-5 នៃប្រទេសដែលមានមាសតម្កល់ទុកច្រើនធំៗ ហើយនៅតែនាំមុខចិនសម្រាប់ពេលនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ