រាជធានីភ្នំពេញ ៖ ក្នុងពិធីខួបកំណើតមួយ ដែលកំពុងមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយ ស្រាប់តែមានកងកម្លាំងបង្ក្រាបគ្រឿងញៀន ប្រដេញគ្នារត់ចូលចាប់មុខសញ្ញា ផ្អើលរហូតមានការផ្ទុះអាវុធ ហើយប្រជាពលរដ្ឋក៏បានប្ដឹងសមត្ថកិច្ចមូលដ្ឋានឱ្យមកអន្តរាគមន៍ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី៦ ខែកក្កដា នៅផ្ទះលក់គ្រឿងសំណង់ «ប៉ុន សាមួន» អគារលេខ៧៨ ផ្លូវលេខ៣២BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
បុរសម្នាក់ជាមន្ត្រីនគរបាលផ្នែកចារកម្មក្រសួងមហាផ្ទៃ ដែលចូលរួមពិធីខួបកំណើតនេះនិយាយប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខណៈរូបគាត់កំពុងចួលរួមក្នុងពិធីខាងលើ ស្រាប់តែមានបុរស២នាក់ស្លៀកពាក់ស៊ីវិល ដេញចាប់បុរស២នាក់ទៀតដែលមិនដឹងថា ជាករណីអ្វីនោះទេ ។
ពេលនោះ បុរស២នាក់ដែលត្រូវគេដេញចាប់បានរត់ចូលក្នុងរោងពិធី ទើបបង្កការភ្ញាក់ផ្អើលឈុលឡើង ។ លុះឃាត់សួរនាំទៅ ខាងបុរស២នាក់ដែលដេញចាប់គេបានចាប់ប្រាប់ថា ពួកគាត់ជាកងកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣)តែមិនមានការបង្ហាញដីកាចាប់ខ្លួនទេ ដោយឃើញចាប់បានស្ត្រីម្នាក់នៅលើរថយន្ត និងបន្តចាប់បក្សពួកផ្សេងទៀត ។
ខណៈជនសង្ស័យរត់ចូលក្នុងរោងពិធីហើយផ្លោះរបងផ្ទះរត់គេចខ្លួនបាត់ទៅ ទើបក្រុមអ្នកដេញចាប់ខឹងដោយបានចោទថា អ្នកដែលចូលរួមក្នុងពិធីនោះជាបក្សពួក ទើបធ្វើឱ្យជនសង្ស័យរត់គេចខ្លួនបាន ។ ដោយសារការចោទប្រកាន់បែបនេះ ធ្វើឲ្យអ្នកចូលរួមពិធីខួបកំណើតខឹងតបវិញភ្លាម រហូតដល់ប្រើហិង្សាបណ្ដាលឱ្យបុរស២នាក់នោះ ដែលមានម្នាក់ជាក្រឡាបញ្ជីនៅសាលាដំបូងរាជធានីភ្នំពេញ និងម្នាក់ទៀតជានគរបាលរបួសភ័យខ្លាចមិនតិចទេ ។
ក្រោយពីផ្ទុះហិង្សានោះ ដោយតាមរកអ្នកដៃដល់មិនឃើញ ស្រាប់តែមានជនស៊ីវិល២នាក់ទៀត ជិះម៉ូតូមកដល់អះអាងថា ជានគរបាលបានផ្ទុះអាវុធ១គ្រាប់ ដើម្បីបញ្ឈប់ហិង្សា ព្រោះខ្លាចកើតមានគ្រោះថ្នាក់ធ្ងន់វធ្ងរ ។
លោក ឃុន ឡេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ថ្លែងថា ក្រោយពីប្រជាពលរដ្ឋផ្ដល់ព័ត៌មានថា មានករណីជនស៊ីវិលផ្ទុះអាវុធពេលចុះបង្ក្រាបជនសង្ស័យ២នាក់ កម្លាំងនគរបាលល្បាតបានទៅកាន់កន្លែងកើតហេតុសួរនាំ ទើបដឹងថា ជាកងកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀន ក៏នាំមកប៉ុស្តិ៍សួរនាំ រួមជាមួយបុរសម្នាក់ទៀតជានគរបាលចារកម្មនៅក្រសួងមហាផ្ទៃ ដែលចូលរួមកម្មពិធីខួបកំណើត និងបានទាស់ពាក្យសម្តីគ្នា រហូតឈានដល់ប្រើហិង្សាបណ្តាលឲ្យរងរបួសទាំងសងខាង តែរបួសស្រាល ។
នៅពេលសួរនាំ ភាគីទាំងសងខាងមិនបានប្ដឹងទៅលើបុគ្គលណាទេ សុំគ្រាន់តែធ្វើកិច្ចសន្យា កុំឱ្យភាគីខាងណារករឿងខាងណា និងមានផ្តិតស្នាមមេដៃផង ។ ចំណែកនគរបាលដែលតាមប្រមាញ់ជនសង្ស័យជួញដូរគ្រឿងញៀនទទួលស្គាល់ថា បានបាញ់គំរាមតែ១គ្រាប់ទ មិនមែនដូចប្រជាពលរដ្ឋដែលចោទប្រកាន់ថាបាញ់២គ្រាប់ អ្នកខ្លះថា៥គ្រាប់ គឺមិនមែនជាការពិតទេ ។
ជាក់ស្ដែង សមត្ថកិច្ចរកឃើញសម្បកគ្រាប់១ និងអំបែងកែវស្រា១ដែលគប់ទៅលើក្រឡាបញ្ជី ម្នាក់ដែលបានចូលរួមបណ្តាលឲ្យរងរបួសមិនធ្ងន់ធ្ងរទេ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ