ខេត្តព្រៃវែង ៖ លោកសឿង សុជាតិ អភិបាលស្រុកកំចាយមារបានអះអាងថា លោកនឹងហៅមន្ត្រីទាំងអស់នោះ មកប្រជុំចាត់វិធានការរដ្ឋបាលឱ្យតឹងរឹងបំផុត ព្រោះក្នុងនាមជាមន្ត្រីតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដាច់ខាតមិនត្រូវធ្វើទង្វើបែបនេះទេ គឺខុសហើយ និងជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋថែមទៀតផង បើខ្លួនឯងវាអញ្ចឹងដែរហើយទៅហាមឃាត់គេ នរណាគេស្តាប់?
គួរបញ្ជាក់ថា ព្រែកអូចន្ទ័គឺជាដីព្រែកសាធារណៈរបស់រដ្ឋ ដែលមានទទឹងជាង៤០ម៉ែត្រ បណ្តោយជាង៣០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាក់មកដល់ឃុំក្របៅ ស្រុកកំចាយមារ និងបុកចូលទៅក្នុងដីប្រទេសវៀតណាម ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ។ ព្រែកនេះ គឺជាប្រភពទឹកដ៏សំខាន់សំរាប់ប្រជាពលរដ្ឋ ធ្វើការនេសាទជាលក្ខណៈគ្រួសារ និងធ្វើស្រែចំការនៅតាមបណ្តោយព្រែកនេះផងដែរ ។
ប៉ុន្តែបច្ចុប្បន្ន ព្រែកមួយនេះ ត្រូវបានគេនាំគ្នាបោះបង្គោលនិងចាក់ដីរំលោភយកអស់ជាច្រើនកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៨អា ត្រង់ចំណុចភូមិពោន ឃុំជាច ស្រុកកំចាយមារ ដោយអ្នកស្រុកនៅទីនោះបានអះអាងថា អ្នកចូលទៅចាក់ដីរំលោភយកនោះ មិនមែនមានតែប្រជាពលរដ្ឋនោះទេ គឺមានទាំងអាជ្ញាធរផងដែរ ក្នុងនោះ មានដូចជាលោក ទិន ភារម្យ និងលោក វ៉ាន់ អូន អ្នកទាំង២ជាអភិបាលរងស្រុកកំចាយមារ ។ លោក យូ សុង មេឃុំជាច និងលោក ថាច សុខ ដែលជាស្មៀនឃុំជាចផងដែរ។
ប្រភពពីមន្ត្រីនៅក្នុងស្រុកកំចាយមារបានលួចបង្ហើបប្រាប់ដែរថា សកម្មភាពចូលរំលោភយកដីព្រែកខាងលើនេះ គឺចាប់កើតឡើងបន្ទាប់ពីគេទទួលបានព័ត៌មានថា និងមានមន្ត្រីសុរិយោដី ចុះទៅវាស់វែងធ្វើ
ប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយឆ្លៀតឱកាសនេះ ទើបទាំងប្រជាពលរដ្ឋ និងមន្ត្រីខិលខូចមួយចំនួនដែលមានចិត្តលោភលន់ បានឃុបឃិតគ្នាចូលទៅចាប់យកដីព្រែកនេះទាំងអស់គ្នា ដោយអ្នកតូចបានតិច អ្នកធំបានច្រើន ហើយអ្នកណាមានលទ្ធភាពក៏ចាប់ចាក់ដីធ្វើរបងពទ្ធ័យក អ្នកណាខ្វះលទ្ធភាពបានត្រឹមតែបោះបង្គោលចោល ច្រង៉េងច្រង៉ាងពេញព្រែកនោះទៅ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកយូ សុង ជាមេឃុំជាច បានឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៤ កក្កដា នេះថា ដីព្រែកអូច័ន្ទនេះ ពិតជាមានអ្នកស្រុកចូលចាក់ដីបោះបង្គោលយកពិតមែន ប៉ុន្តែមិនបានចូលដល់ពោះព្រែកនោះទេ ។ ចំណែករូបលោក ក៏មិនបានរំលោភយកដីព្រែកនោះ ដូចការចោទប្រកាន់
ដែរ។
បើតាមសំដីលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ លោកបានទទួលស្គាល់ថា ដីព្រែកអូច័ន្ទនៅចំណុចភូមិពោននោះ គឺពិតជាមានប្រជាពលរដ្ឋ និងមន្ត្រីក្រោមឳវាទរបស់លោក ចូលទៅរំលោភយកពិតមែន ហើយកាលពីថ្ងៃបុណ្យចូលឆ្នាំខែ្មរកន្លងទៅ លោកបានឱ្យមន្ត្រីរបស់លោកចុះទៅពិនិត្យ និងធ្វើការហាមឃាត់ដែរ តែមកដល់ពេលនេះស្រាប់តែឃើញមានការបោះបង្គោល និងចាក់ដីព្រោងព្រាតទៅវិញ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ