រាជធានីភ្នំពេញ ៖ ទោះបីជាកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិត បើធៀបទៅនឹងវិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។
យោងតាមរបាយការណ៍វាយតម្លៃឯករាជ្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនាម្សិលមិញ បានឱ្យដឹងថា ADB នឹងត្រូវធ្វើការវិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្ររបស់ខ្លួន ចំពោះវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង ទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលកំពុងមានចំនួនកើនឡើងនៅតំបន់ទីក្រុង ។
លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃរបស់ ADB បានមានប្រសាសន៍ឱ្យដឹងថា «នៅក្នុងកិច្ចខិតខំក្នុងការជម្រុញការចូលរួមរបស់យើងនៅក្នុងវិស័យកសិកម្ម គេចាំបាច់ត្រូវស្វែងរកមេរៀននានា និង រៀនសូត្រពីបទពិសោធន៍របស់គម្រោងដែលបានអនុវត្តនាពេលកន្លងមក។ មេរៀនមួយ ដែលបានធ្វើឱ្យសមិទ្ធិកម្មមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គឺជាការពង្រឹងសមត្ថភាពស្ថាប័ន និងការដោះស្រាយបរិបទពិបាកៗនៅក្នុង វិស័យកម្ម ព្រមទាំងភាពស្មុគស្មាញក្នុងការរចនាគម្រោង»។
តាមរបាយការណ៍វាយតម្លៃឯករាជ្យ ការខិតខំរបស់ ADB ក្នុងការពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា តាមរយៈកំណែទម្រង់គោលនយោបាយ គឺជាសកម្មភាពមួយដែលមានសក្តានុពល។ ការផ្តល់ហិរញ្ញប្បទានសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជភាវូបនីយកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ ដែលកំពុងបន្តអនុវត្ត ត្រូវបានរៀបចំឡើងដើម្បីជួយដល់កសិករក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ក្នុងការបង្កើនផលិតកម្ម និង ប្រសិទ្ធផល ព្រមទាំងខ្សែសង្វាក់តម្លៃស្រូវ-អង្ករ និងដោះស្រាយ ឧបសគ្គរាំងស្ទះផ្នែកគោលនយោបាយសម្រាប់ខ្សែសង្វាក់តម្លៃទាំងនេះឱ្យបំពេញមុខងារដោយរលូន ។ នេះគឺជា ចំណែកមួយនៃក្រុមគម្រោងខ្សែសង្វាក់តម្លៃដែលគាំទ្រដោយ ADB នៅកម្ពុជា និងបណ្តាប្រទេសជិតខាង ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម នៅតាមតំបន់ដែលត្រូវបានជ្រើសរើសតាមបណ្តោយរបៀងដឹកជញ្ជូននៃមហាអនុតំបន់មេគង្គ ។
លោកស្រី Véronique Salze-Lozac’h អគ្គនាយិការងនៃអគ្គនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ ADB មានប្រសាសន៍ថា «ការបន្តផ្តោតកិច្ចគាំទ្រលើផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង ព្រមទាំងការកសាង និងកែលម្អហេដ្ឋរចនាសម្ព័ន្ធ គឺមិនគ្រប់គ្រាន់ឡើយដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងមានការវិវឌ្ឍន៍ឥតឈប់ឈររបស់វិស័យកសិកម្មនៅអាស៊ី»។ លោកស្រីបានបន្តថា«ប្រព័ន្ធកសិកម្មនៅក្នុងតំបន់ ផ្តោតកាន់តែខ្លាំងទៅលើខ្សែសង្វាក់តម្លៃ ហើយវិស័យឯកជនក៏កំពុងតែមានឥទ្ធិពល និងការទទួលខុសត្រូវកាន់តែខ្លាំងផងដែរ ចំពោះផលិតកម្ម និងសន្តិសុខស្បៀង ។ កិច្ចគាំទ្រចំពោះវិស័យកសិកម្មពីសំណាក់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងនេះ ព្រមទាំងត្រូវពិចារណាលើបញ្ហាដទៃទៀត បន្ថែមពីលើ បញ្ហាផលិតកម្ម» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ