រាជធានីភ្នំពេញ ៖ តបតាមសំណើររបស់មហាជននៅបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចបន្ថែមថវិកា១០០ដុល្លារបន្ថែមទៀត និងបំពាក់មេដាយមាសដល់កងកម្លាំងដែលរុករក និងសង្គ្រោះអ្នករងគ្រោះពីបំណែកអគារដែលរលំបាក់កម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ខមមិនតបជាមួយអ្នកលេងហ្វេស ប៊ុក នាថ្ងៃទី២៦ ខែមិថុនាយ៉ាងដូច្នេះថា ៖« ដោយមានសំណូមពរពីបងប្អូនមួយចំនួនសុំឲ្យខ្ញុំបន្ថែមជំនួយឱ្យកម្លាំងដែលចូលរួមជួយសង្គ្រោះ ខ្ញុំសូមបន្ថែមជូនម្នាក់ៗ១០០ដុល្លារថែមទៀត គឺបុរសទទួលបានម្នាក់២០០ដុល្លារ នារីម្នាក់ទទួលបាន៣០០ដុល្លារ ។ សរុបនៃការចំណាយជាង៣០ម៉ឺនដុល្លារ» ។
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងថា ចំពោះសំណូមពរឱ្យចែករំលែកប្រាក់ដែលសប្បុរសជនចូលរួមយកទៅជួយកម្លាំងសង្គ្រោះមិនអាចធ្វើបានទេ ព្រោះខុស និងគោលដៅនៃការអំពាវនាវរបស់ខ្ញុំ និងខុសពីបំណងរបស់សប្បុរសជនដែលចង់ជួយជនរងគ្រោះ ។ ដូចនេះត្រូវប្រើថវិកាខ្ញុំក្នុងការផ្តល់ជំនួយនេះវិញ ។ សម្តេចក៏បានសូមបញ្ជាក់បន្ថែមថា ថវិកាបន្ថែមនឹងផ្តល់ជូននៅពេលបំពាក់មេដាយមាសជូនតែម្តង ។ ដូចនេះសុំឲ្យគ្រប់អង្គភាពនៃកងទ័ពអាវុធហត្ថនគរបាលសុខាភិបាលកំពង់ផែសាលាខេត្ត និងសាលាក្រុងព្រះសីហនុ និងអង្គភាពផ្សេងទៀតទាំងរដ្ឋ និងឯកជនឡើងបញ្ជីឈ្មោះបញ្ជូនមកលោក គន់ គីម និងលោក សេង ទៀង ។
សម្តេចតេជោក៏បានលើកឡើងថា ទឹកប្រាក់៧ ឬ១០ម៉ឺនមិនច្រើនទេសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើតមុខរបរចិញ្ចឹមជិវីតបន្ទាប់ពីបាត់បង់មនុស្សដែលធ្លាប់រកលុយចិញ្ចឹមគ្រួសារ ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៨នាក់ និងរបួស២៦នាក់ ។ ហេតុនេះក៏ត្រូវ បានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញចុះទៅពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ផងដែរ ។ ហេតុការណ៍នេះក៏បានដកតំណែងអភិបាលខេត្តព្រះសីហនុ លោកយន្ត មីន និងអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដាផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ