ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ សពជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ២៨នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ត្រូវបានដឹកមកដល់លំនៅឋានស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរហើយ ក្រោមការជួយជ្រោមជ្រែងរៀបចំបុណ្យសពពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងអាជ្ញាធរខេត្ត ក៏ដូចជាអគ្គលេខាធិការកាកបាទក្រហមកម្ពុជាផងដែរ ។
ជនរងគ្រោះម្នាក់ខាងលើដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ ឈ្មោះ ប៉ាង វិជ្ជរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជាមេគ្រួសារ មានប្រពន្ធឈ្មោះអឿន ហាក់ អាយុ៤១ឆ្នាំ ។ គ្រួសារខាងលើមានកូនក្នុងបន្ទុកចំនួន៤នាក់ ។ ដោយឡែកកូនប្រុសម្នាក់ផ្សេងទៀតឈ្មោះ វិជ្ជរ៉ា បញ្ញា អាយុ១៨ឆ្នាំ ក៏បានស្លាប់ក្នុងឧបទ្ទវហេតុបាក់អគារ៧ជាន់នេះដែរ ប៉ុន្តែត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងពិធីរៀបចំទទួលសពជនរងគ្រោះខាងលើនេះដែរ គេសង្កេតឃើញវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការចូលរូមមរណៈទុក្ខយ៉ាងក្រៀមក្រំពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះបងប្អូន ដែលជួបគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗដោយពុំដែលភ្លេចឡើយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានផ្ដាំផ្ញើដល់គ្រួសារសូមយកចិត្តទុកដាក់ថែទាំសុខភាព និងគិតគូររៀបចំបុណ្យសពទៅតាមប្រពៃណី ។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់សពជនរងគ្រោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុនសែន និងក្រុមការងារដែលបានយកចិត្តទុកដាក់ ប្រតិបត្តិការជួយសង្គ្រោះ និង កាយយកសពជនរងគ្រោះជាប្តី និងជាឪពុក រួចដឹកបញ្ជូនមកដល់ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ថវិកាដែលបានផ្ដល់ជូនគ្រួសារសពខាងលើនៅក្នុងនោះរួមមានកាកបាទក្រហមកម្ពុជាចំនួន៥លានរៀល, ថវិកាសាលាខេត្តចំនួន៤លាន រៀល, ថវិកាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍចំនួន១លាន៤០ម៉ឺនរៀល ព្រមទាំងសម្ភារៈជាច្រើនទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ