ខេត្តតាកែវ ៖ ឱពុកម្តាយស្ទើតែស្រែកទ្រហោយំស្ទះដង្ហើមស្លាប់ខ្លួន ខណៈពេលដែលឃើញកូនកំពុងពេញស្រលាញ់របស់ខ្លួនបានស្លាប់យ៉ាងអាណោចអាធម្មវេទនាបែបនេះ ដែលហេតុការដ៏គួរអោយសង្វេគបានកើតឡើង នៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី នារសៀលម៉ោង៤ថ្ងៃទី២០ ខែមិថុនានេះ ដែលមានក្មេងប្រុសស្រីចំនួន៤នាក់ នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែ ចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ ក៏លង់ទឹកស្លាប់ទាំងអស់ ។
នគរបាលស្រុកបាទីបានអោយដឹងថា ក្មេងដែលលង់ទឹកស្លាប់ខាងលើមានចំនួន០៤នាក់ ហើយក្មេងទាំង០៤នាក់នោះ គឺជាបងប្អូនជីទួតមួយជាមួយគ្នា ដែលពួកគេ មុនពេលកើតហេតុ បាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ លុះមកដល់ចំណុចកើតហេតុក៏នាំគ្នាចុះលេងទឹកស្រះ ដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួនប្រហែលជាង២០០ម៉ែត្រ ។ ក្មេងដែលស្លាប់ទាំង០៤នាក់នោះរួមមានឈ្មោះទី០១ -ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ០៥ឆ្នាំ ទី០២-ឈ្មោះ ហៀង វីត ភេទប្រុស អាយុ០៣ឆ្នាំ ដែលមានឱពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា ក្មេងរងគ្រោះទី០៣- ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ០៣ឆ្នាំ និងក្មេងរងគ្រោះទី០៤- ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ០៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម ។
សូមបញ្ជាក់ថា ក្មេងទាំង០៤នាក់នោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នាចុះរាវរកសាកសពនៅក្នុងស្រះ ដោយប្រទះឃើញលង់លិចទៅបាតស្រះទាំង០៤នាក់តែម្តង ករណីនេះពិតជាធ្វើអោយសង្វេគខ្លាំងណាស់ និងអាណោចអាធម្មជាទីបំផុត ចំពោះគ្រួសារនៃសពដែលត្រូវជាឱពុកម្តាយរបស់ក្មេងរងគ្រោះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ