រាជធានភ្នំពេញ ៖ ការពុះដីឡូត៍លក់នាពេលបច្ចុប្បន្នមានការពេញនិយមទាំងអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមានស្ទើរនៅគ្រប់តំបន់នៅទូទាំងប្រទេស ។ ទន្ទឹមនឹងការកើនឡើងនូវការពុះដីឡូត៍មានច្រើននេះគេសង្កេតឃើញពលរដ្ឋមួយចំនួនបានរងផលប៉ះពាល់ជាហេតុធ្វើឲ្យពលរដ្ឋផ្សេងទៀតបានការបារម្ភដូចៗគ្នាថា ការពុះដីឡូត៍លក់កាន់តែមានច្រើនអាចនឹងធ្វើឱ្យពលរដ្ឋជួបបញ្ហាប្រឈម ហើយដើម្បីជៀសផុតពីកង្វល់នេះ មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានជំរុញឱ្យក្រុមអ្នកអភិវឌ្ឍន៍ដីធ្លីទាំងអស់ ត្រូវអនុវត្តតាមប្រកាសស្តីពីការ «អភិវឌ្ឍន៍ដី» ដែលក្រសួងបានរៀបចំ និងត្រូវសុំច្បាប់អនុញ្ញាតិពីស្ថាប័នពាក់ព័ន្ធ ។
លោក ឡៅទិព្វ សីហា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ថា ចំពោះបញ្ហាការពុះដីឡូត៍លក់មានការរីកចម្រើននេះមែនទែនវាមិនមានអ្វីគួរបារម្ភទេ ដោយសារក្រសួងរៀបចំដែនដីមានប្រកាសនិយាយអំពីការអភិវឌ្ឍដី ។ ដូចនេះអ្នកអភិវឌ្ឍន៍ដីអ្នកពុះដីឡូត៍លក់ត្រូវអនុវត្តតាមលិខិតគតិយុត្តិ ពិសេសអនុវត្តលិខិតគតិយុត្តិ ,អំពីការប្រកាសដីដែលអ្នកអភិវឌ្ឍន៍ដីធ្លីទាំងអស់ចាំបាត់ត្រូវតែសុំច្បាប់អនុញ្ញាតិជាមុន ពីអាជ្ញាធរមានសមត្ថកិច្ចមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ក្រុងស្រុកខណ្ឌទាំងអស់ ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះអ្នកអភិវឌ្ឍន៍ដីធ្លីទាំងអស់អនុវត្តតាមប្រកាសពីការអភិវឌ្ឍដីដែលក្រសួងបានរៀបចំ និងបានកំណត់រួចមកហើយ។ លោកបានសង្កត់ធ្ងន់ថា «ដើម្បីឱ្យពលរដ្ឋជៀសផុតពីហានិភ័យពីការទិញដីឡូត៍នេះអ្នកអភិវឌ្ឍន៍ដីមេត្តាអនុវត្តឱ្យបានតាមប្រកាសស្តីពីការអភិវឌ្ឍដីរបស់ក្រសួងដែនដីមុនអភិវឌ្ឍន៍នៅតាមការដ្ឋាន ។ អ្នកអភិវឌ្ឍន៍ដីចាំបាច់ត្រូវមានឯកសារសុំច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ឱ្យអ្នកទិញគាត់បានឃើញថា ការអភិវឌ្ឍដីរបស់ពួកគាត់មានច្បាប់ត្រឹមត្រូវមុនគាត់ធ្វើការប្រកាសលក់» ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី៣ ឧសភា ដើម្បីឱ្យពលរដ្ឋធ្វើការទិញលក់ដីឡូត៍ និងលំនៅឋានប្រព្រឹត្តិទៅដោយរលូន និងអាចជៀងវាងផុតពីហានិភ័យជាយថា ហេតុដែលបង្កឡើងដោយជនខិលខូច ពលរដ្ឋត្រូវយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន ។ ក-)ព័ត៌មានសម្រាប់ការទិញដីឡូត៍៖១-)ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ឬជារបស់អ្នកផ្សេង) ២-) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់) ៣-) លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.សប្រក/នីក.ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់) ៤-) ឯកសារបង់ពន្ធអចលនវត្ថុ ៥-បណ្ណបំបែកក្បាលដីនិង៦-) ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់ ឬទិញ ។
ដោយឡែក (ខ-) ព័ត៌មានសម្រាប់កាតទិញលំនៅឋាន ៖ ១-) លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងដែនដីនគរូបីយកម្ម និងសំណង់ឬសាលារាជធានីខេត្ត) ២-)វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនទ្រព្យ (មានជាប់បន្ទុក ឬអត់) ៣-) អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ៤-)ឯកសារបង់ពន្ធអចលនវត្ថុ ៥-) បណ្ណបំបែកក្បាលដី និង៦-) ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ ៕
ចែករំលែកព័តមាននេះ