យោងតាម Harward Business Review បានឲ្យដឹងថា ការផ្តោតសំខាន់លើកត្តាជំរុញឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចជួយឲ្យអ្នកកាត់បន្ថយការប្រើប្រាស់បាន ។ ដោយពិចារណាលើមូលហេតុនេះ អ្នកអាចស្វែងរកវិធីក្នុងការជំរុញខ្លួនឯង និងស្វែងរកយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាពបាន ។ ខាងក្រោមគឺជាមូលហេតុទាំងបួនដែលអ្នកគួរតែកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូន ៖
១. ការទទួលបានទំនាក់ទំនងល្អជាងមុនជាមួយអ្នកជុំវិញខ្លួន
ប្រព័ន្ធសង្គមមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការស្ថាបនាទំនាក់ទំនងរឹងមាំជាមួយមនុស្សជុំវិញខ្លួនទេ បើទោះជាអ្នកមានអារម្មណ៍ស្និទ្ធិស្នាលបន្ទាប់ពីដឹងពីព័ត៌មានថ្មីៗ ឬឃើញរូបភាពពីមិត្តៗពិតមែនក្តីព្រោះការប្រាស្រ័យទាក់ទងគ្នាផ្ទាល់មុខនិងលើប្រព័ន្ធសង្គមមានភាពខុសគ្នាច្រើន។
ក្នុងការស្រាវជ្រាវមួយដែល Harvard Business Review បានលើកឡើងពីយុទ្ធសាស្ត្រសម្រាប់អ្នកដែលចូលរួមការសិក្សា។ ដំណោះស្រាយគឺការប្រើប្រាស់សេចក្តីណែនាំដើម្បីដឹងថាពេលណាអ្នកអាច និងពេលណាអ្នកមិនអាចប្រើស្មាតហ្វូន។ ឧទាហរណ៍ដូចជាការហាមឃាត់មិនឲ្យប្រើស្មាតហ្វូនពេលកំពុងទទួលទានអាហារជាដើម។
២. ការបង្កើនប្រសិទ្ធិភាពការងារ
ប្រសិនបើអ្នកចង់ឡើងតំណែង អ្នកប្រហែលជាត្រូវកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូនហើយ ព្រោះស្មាតហ្វូនអាចជាកត្តាដែលធ្វើឲ្យស្មារតីអ្នកមិនមូលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើការងារ។ Harvard Business Review ផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ទុកស្មាតហ្វូននៅកន្លែងដែលអ្នកមិនអាចមើលឃើញពេលដែលកំពុងតែធ្វើការ។
៣. ចូលដំណេកបានស្កប់ស្កល់ជាងមុន
ស្មាតហ្វូនគឺជាកត្តាចំបងដែលធ្វើឲ្យដំណេករបស់អ្នកមិនស្កប់ស្កល់។ វិធីដែលងាយជាងគេនិងមានប្រសិទ្ធិភាពជាងគេគឺចូលដំណេកដោយមិនមានទូរស័ព្ទនៅជិតខ្លួន ដូច្នេះអ្នកមិនចុចវាទេមុនពេលចូលដំណេក ឬពេលដែលមានការលោត Notification ឡើង។
៤. ជួយឲ្យអ្នកក្លាយជាមនុស្សដែលយកចិត្តទុកដាក់ជាងមុន
មនុស្សជាច្រើនមិនមានពេលវេលាក្នុងការអង្គុយចុះនិងសង្កេតមើលបរិស្ថានជុំវិញទេ ព្រោះភាគជ្រើនពួកគេចូលចិត្តប្រើស្មាតហ្វូនពេលដែលនៅម្នាក់ឯង។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលយកចិត្តទុកដាក់នឹងបរិស្ថានជុំវិញខ្លួនជាងមុន អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូននិងចាប់ផ្តើមសង្កេតមើលអ្វីៗដែលកំពុងតែកើតឡើងពេលដែលកំពុងតែដើរ ឬឈរចាំមិត្តភក្តិជាដើម ។
ប្រភព ៖ thriveglobal , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ