រាជធានីភ្នំពេញ ៖ ដើម្បីលុបបំបាត់គ្រឿងញៀន នៅតាមក្លិបកម្សាន្តឲ្យអស់ នៅក្នុងឆ្នាំ២០១៩នេះសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យគ្រប់ភាគីសហការគ្នាឲ្យជិតស្និត និងរាយការណ៍ប្រាប់សមត្ថកិច្ច ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារា ជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ សម្តេច ស ខេង បានលើកឡើងថានៅក្នុងឆ្នាំ២០១៩នេះ គឺត្រូវបញ្ចប់ឲ្យបានចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត ។
សម្តេចថា ៖«ចំណុចនេះមិនមែនអ្នកណាងាយធ្វើបាននោះទេ ទាល់តែមានការចូលរួមទាំងអស់គ្នា ដោយគាំទ្រ និងចូលរួមទើបសម្រេចជោគជ័យ ។ ករណីនេះ ដើម្បីសុខុមាលភាពសង្គ មរបស់យើង បើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងរងគ្រោះដោយសារការ៉ាអូខេមានគ្រឿងញៀន ដោយសាររាងកាយមានគ្រឿងញៀនជាមិនខាន» ។ សម្តេចបន្តថា បញ្ហាគ្រឿងញៀន គឺជាការទទួលខុសត្រូវចំពោះមុខដ៏ធ្ងន់ធ្ងរណាស់ ចំពោះប្រវត្តិសាស្ត្រយើង ។ យើងមិនត្រូវបណ្តែតបណ្តោយនោះទេ គឺយើងត្រូវធ្វើបន្តទៀត ហើយប្រកបដោយការទទួលខុសត្រូវ ។ សម្តេចក៏បានលើកឡើងថា កន្លងមកអ្នកញៀនថ្នាំល្មមៗបានធ្វើការអប់រំ ហើយគ្រួសារយកទៅផ្ទះវិញប៉ុន្តែប្រហែលពិបាកក្នុងគ្រួសារ ប៉ុន្តែបើបញ្ជូនទៅមណ្ឌលអប់រំកែប្រែ គឺវាណែន ។
ដូច្នេះករណីនេះ គឺជាបញ្ហាធំចំពោះសង្គមដែលចាំបាច់មានការស្រុះស្រួលគ្នាក្នុងការទប់ស្កាត់ ទាំងអស់គ្នា ។ សូមជម្រាបថា ការលើកឡើងរបស់សម្តេច ស ខេង បន្ទាប់ពីមានការបង្ក្រាបបទល្មើសប្រើប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្តជាច្រើនកន្លែងដូចជា នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនជាច្រើនរយនាក់ ហើយនៅថ្មីៗនេះក្នុងក្លិបកម្សានលុច្សសារី ដោយបានឃាត់ខ្លួនអ្នកប្រើប្រាស់ជាច្រើននាក់ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ