បន្ទាប់ពីធ្វើការនៅក្រុមហ៊ុន Jaguar អស់រយៈពេល២០ឆ្នាំ លោក Ian Callum ដែលជាអ្នកច្នៃប្រឌិតដ៏មានឥទ្ធិពលបំផុតរបស់ឧស្សាហកម្មរថយន្ត បានលាឈប់ពីតំណែងជានាយកផ្នែកឌីហ្សាញ នៅក្រុមហ៊ុន Jaguar ។ លោក Callum និយាយថាលោកនឹងចាកចេញពីក្រុមហ៊ុន ដើម្បីស្វែងរកគម្រោងឌីហ្សាញថ្មីៗ ប៉ុន្តែនៅតែជាអ្នកពិគ្រោះយោបល់សម្រាប់ក្រុមហ៊ុនមួយនេះ។ អ្នកដែលនឹងឡើងជំនួសតំណែងគាត់នៅថ្ងៃទី១ ខែក្រោយ គឺជាលោក Julian Thomson ដែលបច្ចុប្បន្នជានាយកផ្នែកឌីហ្សាញច្នៃប្រឌិត។
លោក Thomson បានចូលរួមជាមួយក្រុមហ៊ុន Jaguar នៅឆ្នាំ២០០០ បានបញ្ចេញស្នាដៃជាច្រើនសម្រាប់រថយន្តផ្សេងៗរបស់ក្រុមហ៊ុន។ លោកចាប់ផ្តើមការងារដំបូងនៅក្រុមហ៊ុន Ford ក្នុង Dunton អង់គ្លេស មុនពេលទៅធ្វើឱ្យ Lotus ក្នុងតំណែងជាប្រធានផ្នែកឌីហ្សាញ។ ក្រោយមកទៀត លោកបានទៅធ្វើនៅ Volkswagen Group ក្នុងតំណែងជានាយកផ្នែកឌីហ្សាញខាងក្រៅ។
ចាប់តាំងពីចូលរួមជាមួយក្រុមហ៊ុន Jaguar ក្នុងឆ្នាំ១៩៩៩មក លោក Callum មានកិត្តិនាមល្បីល្បាញក្នុងការបង្កើតការឌីហ្សាញម៉ូដថ្មីសម្រាប់រថយន្ត ដែលរួមមានប្រភេទ F-Type, XE, XF និង XJ។ លោកក៏ឌីហ្សាញរថយន្ត SUV ដំបូងគេរបស់ Jaguar, រថយន្តលក់ដាច់ខ្លាំងប្រភេទ F-Pace និង E-Pace។ នៅពេលថ្មីៗនេះ គឺប្រភេទអគ្គិសនីសុទ្ធ I-Pace។
Callum បានចំណាយពេល១២ឆ្នាំដំបូងនៃអាជីពរបស់គាត់ នៅក្នុងឧស្សាហកម្មរថយន្តនៅឯក្រុមហ៊ុន Ford Design Studios ដោយធ្វើការរចនារថយន្តដូចជា Escort Cosworth និង RS200 ។ បន្ទាប់មកគាត់បានក្លាយជាអ្នកចាត់ចែងជាអ្នករចនាម៉ូត TWR Design ដែលគាត់ទទួលខុសត្រូវលើការរចនារថយន្ត Aston Martin DB7, Vanquish និង DB9៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ