ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មានស្តីពីមរណភាពរបស់ស្ត្រីមានផ្ទៃពោះ៧ខែដែលកើតជំងឺមហារីកគល់.កមានការយឺតយ៉ាវមួយថ្ងៃ បន្ទាប់ពីសប្បុរសជននៅតែបន្តបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបំណងជួយសង្គ្រោះស្ត្រីរងគ្រោះតែអ្វីៗហួសពេលទៅហើយ ។
ទោះបីជាយ៉ាងនេះក្តី ភ្នាក់ងារកោះសន្តិភាពនៅព្រឹកថ្ងៃទី៦ មីនា បានឆ្លងទន្លេ និងធ្វើដំណើរដោយម៉ូតូក្នុងចម្ងាយ២៤គីឡូម៉ែត្រ ទៅដល់ផ្ទះស្ត្រីរងគ្រោះ ឯភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ដើម្បីយកទឹកប្រាក់១០០ដុល្លារទៅ ជូនដល់ដៃប្តីស្ត្រីរងគ្រោះរួចហើយ ខណៈដែលសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ចុះជិតរួចរាល់ជាមួយទារកក្នុងផ្ទៃ៧ខែ ដែលបានស្លាប់ជាមួយគ្នា ។
សពស្ត្រីឡុច ឡេង មានផ្ទៃពោះ៧ខែបានត្រូវក្រុមគ្រួសារបញ្ចុះនៅលើចង្កេះភ្នំដា ដែលឆ្ងាយពីភូមិអ្នកស្រុក ហើយបើតាមប្តីនៃសពឈ្មោះយ៉ុន វៀត បាននិយាយថា ជាដីជីដូនជីតាគាត់ដែល ធ្លាប់បញ្ចុះនៅជិតៗនោះ ។ ដោយសារពេលវេលាមិនអំណោយផល កោះសន្តិភាពបានសម្រេចប្រគល់ទឹកប្រាក់១០០ដុល្លារទៅឱ្យប្តីស្ត្រីខាងលើនៅកន្លែងបញ្ចុះសពនោះតែម្តង។
ទឹកប្រាក់ទាំងនោះជាការឧបត្ថម្ភជាថ្មីទៀត របស់សប្បុរសជន ។ បុរសជាប្តីក៏ដូចជាក្នុងនាមសារព័ត៌មានកោះសន្តិភាពសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងសូមជូនពរឱ្យជួបតែពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ