រាជធានីភ្នំពេញ ៖ អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដែលចំណុចពិសេសមួយនោះ គឺការអនុញ្ញាតឱ្យពលរដ្ឋធ្វើផ្លាកលេខពិសេស ដែលកំណត់តាមបំណងប្រាថ្នារបស់ខ្លួន និងទុកប្រើប្រាស់១ជីវិត ។
ផ្លាកលេខយានយន្តពិសេសនេះ ត្រូវសរសេរអក្សរខ្មែរ«កម្ពុជា»ពីខាងលើ ហើយផ្នែកកណ្តាលជាលេខចុះបញ្ជី មានលេខឬអក្សរឡាតាំងមិនឲ្យលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅខាងក្រោមបន្ទាត់ផ្តេក ។
អនុក្រឹត្យនេះ មានគោលបំណងកំណត់បទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា ធានាឱ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ។
ធានាធ្វើឱ្យការផ្តល់សេវាកម្មចុះបញ្ជី ផ្តល់ប័ណ្ណសម្គាល់យានជំនិះនិងបំពាក់ផ្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័សមានតម្លាភាព មានប្រសិទ្ធភាព និងធ្វើឱ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ ។ កំណត់និង
ផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ រួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗតាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗឱ្យមានប្រសិទ្ធភាព ព្រមទាំងបែងចែកច្បាស់លាស់នូវប្រភេទផ្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ ។
ខាងក្រោមនេះ ជាការថតចម្លងឧបសម្ព័ន្ធប្រភេទផ្លាកលេខយានយន្ត ។
ចែករំលែកព័តមាននេះ