រាជធានីភ្នំពេញ ៖ បង្គោលភ្លើង និងប៉ាណូជាច្រើនដើម និងផ្ទាំងផ្សេងៗទៀតបានបាក់ដួលរលំព្រមទាំងដំបូលផ្ទះមួយចំនួន បានរងការខូចខាតប៉ើងរបើកដំបូល ខណៈពេលដែលភ្លៀងបានបង្អុរធ្លាក់លាយឡំខ្យល់ កន្ត្រាក់បោកបក់យ៉ាងខ្លាំងចំកណ្តាលរាជធានីភ្នំពេញ ដែលគ្រោះធម្មជាតិនេះបង្កឡើងកាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋាន ខណ្ឌសែន សុខ ។
ក្រៅពីនោះនៅខណ្ឌនានាក៏មានបង្គោលភ្លើងបាក់ដួលរំលំដែរ បង្កអោយមានការដាច់ភ្លើង មួយយប់ផងដែរ ។ តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ខ្យល់កន្ត្រក់បានបោកបក់ចំភូមិព្រៃមូល និងភូមិក្រាំង អង្ក្រង២ ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ បង្កអោយបាក់បង្គោលភ្លើងរបើកដំបូលផ្ទះ និងបាក់ប៉ាណូ ។
លោកសុខ សារ៉ាត់ ចៅរងទី១ សង្កាត់ក្រាំងធ្នង់ បានអោយកោះសន្តិភាពដឹងថា បង្គោលភ្លើងចំនួន៥ដើមបានបាក់ដួលរលំស្កាត់ផ្លូវ និងមួយដើមទៀតទ្រេត ព្រមទាំងប៉ាណូតូចៗមួយចំនួនទៀតបានបាក់ក្នុងគ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់បោកបក់ចំភូមិព្រៃ មូល ។ ក្រៅពីនោះឃ្លាំងមួយខ្នង ស្ថិតនៅភូមិ ក្រាំងអង្ក្រង់២ បានដួលរលំ ។ លោកចៅសង្កាត់រងទី១ ក៏បានអោយដឹងទៀតថា បន្ទាប់ពីមានភ្លៀង និងខ្យល់កន្ត្រក់ អាជ្ញាធរបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជន់លិចនៅតាមដងផ្លូវ ហើយបានសហការណ៍ជាមួយប្រជាពលរដ្ឋកាយសំរាមចេញនៅតាមមាត់លូដែលស្ទះ ធ្វើអោយទឹកបានហូរស្រក់អស់វិញមិនបង្កអោយទឹកជនលិចលំនៅឋានឡើយ ។ ទោះបីជាយ៉ាងណាពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ដោយមួយទៀតនៅថ្ងៃទី០៤ខែមិថុនានេះនៅវេលាម៉ោង១៨និង០០នាទី មានករណីបង្គោលភ្លើងដួលរលំ បណ្តាលឲ្យឆក់ ដែលកើតឡើង០១លើក នៅចំណុចក្រុមទី៤ ផ្លូវបេតុង ភូមិដំនាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនរងគ្រោះឈ្មោះ គង់ សុភក្ត្រ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់បន្ទប់ជួក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (របួសដៃ និងពោះ) ។
មុនពេលកើតជនរងគ្រោះបានដាក់លក់ដូង និងសាំងនៅចំណុចកើតហេតុខាងលើលុះដល់ម៉ោងកើតហេតុ ស្រាប់តែមេឃភ្លៀង បណ្តាលឲ្យបង្គោលភ្លើងធ្វើពីដែករលំដួលត្រូវជនរងគ្រោះ បណ្តាលឲ្យឆក់របួស រួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ