ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​រឹត​បន្តឹង និង​ដាក់​វិធានការ​បញ្ឈប់​អ្នក​ផ្តល់​សេវា​សុខាភិបាល​ខុសច្បាប់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត តំណាង​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត…

ខេត្តស្វាយរៀង ៖ លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត តំណាង​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ដើម្បី​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​ផ្តល់​សេវា​សុខាភិបាល​ខុសច្បាប់​ត្រូវ​មាន​វិធានការ​ចុះ​បង្ក្រាប​អ្នកលក់​ឱសថ​ក្លែងក្លាយ និង​អ្នក​ប្រកប​មុខរបរ​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ជា​ពិសេស​ត្រូវ​ពង្រឹង​ដល់​មន្ត្រី​បម្រើ​ការងារ​សុខាភិបាល​របស់​រដ្ឋ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​ក្រ​មសីល​ធម៌​ជា​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​មិន​មានការ​រើសអើង​។

លោក​តូច ប៉ូ​លី​វ៉ា មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពេល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំឆមាស​ទី​១ និង​ដាក់​ទិស​ដៅ​បន្ត​លើ​ការងារ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​មានការ​ចូលរួម​ពី​លោកស្រី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ប្រធាន​អនុ គណៈកម្មការ​ទាំង​៨​ស្រុក-ក្រុង តំណាង​ទីចាត់ការ​អន្តរ​វិស័យ លោក​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ លោក លោកស្រី​ប្រធាន​មន្ទីរ​នានា លោក លោកស្រី ប្រធាន អនុប្រធាន​ការិយាល័យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​។

កិច្ចប្រជុំ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ២០១៩ នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ហើយ​ក្នុង​កិច្ចប្រជុំ​ក៏​ផ្តោត​ទៅ​លើ​ករណី​អ្នក​ដើរ​ចាក់​ថ្នាំ​ឈ្មោះ ព្រាប សេ រស់នៅ​ឃុំ​សំឡី ស្រុក​កំពង់​រោ​ទិ៍​ដែល​បាន​ចាក់​ថ្នាំ​បណ្តាល​អោយ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​នា​ពេល​កន្លង​មក​ផង​ដែរ​។

នៅ​ក្នុង​កិច្ចប្រជុំ​បាន​ដាក់​វិធានការ​ច្បាប់ និង​នីតិវិធី​ច្បាប់​ដើម្បី​ទប់ស្កាត់​ចំពោះ​អ្នក​បន្ត​ប្រកប​របរ​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ នឹង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​, បិទ​បង្ហាញ​ឈ្មោះ​អ្នក​ដើរ​ប្រកបរ​បរចាក់​ថ្នាំ​ខុសច្បាប់​នៅ​មុខ​សាលាឃុំ សង្កាត់ ដើម្បី​អោយ​ប្រជាពលរដ្ឋ​​បានដឹង​ និង​ស្គាល់ កុំអោយ​ប្រជា​ពលរដ្ឋ​​ទៅ​រក​សេវា​ខុសច្បាប់​បន្ត​ទៀត​។

ស្រាវជ្រាវ​ប្រភព​ថ្នាំពេទ្យ​ដែល​ក្រុម​អ្នក​ប្រកប​របរ​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​យក​មក​ប្រើ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​កន្លែង​លក់​ឱសថ​ទាំងនោះ ពង្រឹងសមត្ថភាព​និង​ការ​ផ្ដល់​សេវា​នៅ​តាម​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​បង្អែក​បែងចែក​កាលវិភាគ​វេន​យាម​របស់​បុគ្គលិក​អោយ​បាន​ច្បាស់លាស់​ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។

ធ្វើ​ផែនការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់ ដល់​អនុ​គណៈកម្មការ ក្រុង​-​ស្រុក​ទាំង​៨ និង​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​របស់​គណៈកម្មការ​ក្នុង​១​ឆ្នាំ​យ៉ាងតិច​៤​ដង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​។

ជំរុញ​អោយ​បុគ្គលិក​សុខាភិបាល​របស់​រដ្ឋ​និង​អ្នក​ប្រកប​របរ​វី​ជ្ជា​ជីវៈ​សុខាភិបាល​ត្រូវ​ចុះបញ្ជី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​អោយ​បាន​គ្រប់​ៗ​គ្នា​។

​សូម​អោយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​ក្នុង​ការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់ ជា​ពិសេស​ស្ថាប័ន​តុលាការ សាលាដំបូង​ខេត្តស្វាយរៀង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ