ដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនឱ្យខ្ពស់ត្រដែត។ អក្ខរព្យញ្ជនៈទាំង៣៣តួត្រូវបានបែងចែកទៅតាមកម្លាំងថ្ងៃទាំង៧ងាយស្រួលលោកអ្នកជ្រើសរើសឈ្មោះកូនឱ្យត្រូវទៅតាមតម្រាក្បួនច្បាប់ ៖
ថ្ងៃចន្ទមានអក្សរ៥តួ ក ខ គ ឃ ង, ថ្ងៃអង្គារមានអក្សរ៥តួ ច ឆ ជ ឈ ញ, ថ្ងៃពុធមានអក្សរ៥តួ ដ ឋ ឌ ឍ ណ, ថ្ងៃពុធពេលយប់មានអក្សរ៤តួ យ រ ល វ, ថ្ងៃព្រហស្បតិ៍មានអក្សរមានអក្ស៥តួ ប ផ ព ភ ម, សុក្រមានអក្សរ៣តួ ស ហ ឡ, ថ្ងៃសៅរ៍មានអក្សរ៥តួ ត ថ ទ ធ ន និងអាទិត្យមានអក្សរ ៨តួ អ អា អិ អី អុ អូ អេ អោ ។
តទៅនេះនឹងមានការស្រាវជ្រាវរាវរកឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅតាំងពីអក្សរ ក រហូតដល់អក្សរ អ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
កេតន៍- អានថាកេត ភាពឧត្តុង្គឧត្តម។ បង្ហាញនូវឧត្តមភាពទាំងបុរសនិងនារី ។
កេតុ- អានថាកែត ជាឈ្មោះផ្កាយប្រចាំរាសីមួយប្រភេទ ។ ចាស់បុរាណជឿថា បុរសនារីណាឈ្មោះកេតុនឹងមានជោគជតាល្អ ជីវិតមានសុភមង្គល ។
ក្រវាន់- ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយស្រដៀងគ្នានឹងក្លិនចេកទុំ ។ ស័ក្តិសមនឹងឈ្មោះកូនស្រីបំផុត ។
ក្រស្នា- ឈ្មោះរុក្ខជាតិមួយប្រភេទមានក្លិនក្រអូប គេច្រើននិយមប្រើជាថ្នាំកែរោគ។ ដាក់ឈ្មោះឱ្យកូនស្រី-ប្រុសដើម្បីឱ្យពួកគេក្លាយជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្រអូបដូចជាក្លិនផ្កាក្រស្នា ។
កាឡី- ផ្ទាំងសំពត់ចំនួន២០ផ្ទាំង សំពត់មួយកាឡី។ តែគួរឱ្យសោកស្តាយ មហាជនមិនហ៊ានយកឈ្មោះនេះមកដាក់ឱ្យកូនទេ ព្រោះសម្គាល់ថាជាឈ្មោះមិនល្អដូចក្នុងរឿងមរណៈមាតាទៅវិញ ។ តាមពិតពាក្យកាឡីនេះមិនបានសម្តែងលក្ខណៈណាមួយក្នុងន័យអាក្រក់ឡើយ ។
កាកី- ក្អែកញី ជាឈ្មោះប្រពន្ធស្តេចមួយព្រះអង្គក្នុងរឿងកាកីគឺនាងកាកី។ សំដៅលើស្រីដែលមិនស្មោះត្រង់ ឬថាផិតក្បត់ ជាស្រីដែលមានចិត្តខ្មៅដូចក្អែកញី ។ ជាឈ្មោះមិនល្អ ។
ចែករំលែកព័តមាននេះ