ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានរាយការណ៍មកកាលពីថ្ងៃសុក្រកន្លងមកថា ទីផ្សារផ្ទះក្នុងទីក្រុងហូជីមិញនឹងងើបឡើងវិញព្រោះតែមានការគាំទ្រពីរដ្ឋាភិបាលក្នុងទីក្រុង។ក្រុមហ៊ុនអចលនទ្រព្យបាននិយាយថាអាជ្ញាធរបានលុបបំបាត់ឧបសគ្គដែលពួកគេបានជួបប្រទះក្នុងគម្រោងអចលនទ្រព្យចំនួន ១២៤ គម្រោង ហើយវានឹងជួយបង្កើនការផ្គត់ផ្គង់អាផាតមិនយ៉ាងច្រើនផងដែរ។
កាលពី៥ខែដំបូងនាឆ្នាំនេះ ទីផ្សារផ្ទះហូជីមិញមិនមើលឃើញភាពស្វាហាប់ដូចដែលធ្លាប់កើតមានកាលពី៣ឆ្នាំមុនទេ។ យោងទៅតាម DKRA Viet Nam បានឲ្យដឹងថា ហូជីមិញមានការទិញលក់ដីតែ ៥០០កន្លែងប៉ុណ្ណោះ ខណៈដែលឆ្នាំ ២០១៧ ចំនួននេះមានដល់ ៤ពាន់កន្លែង។ ទីក្រុងនេះក៏មិនឃើញមានគម្រោងដីដែរក្នុងប៉ែកខាងកើតនៃទីក្រុង ដែលបង្កឲ្យមានជនបោកប្រាស់ធ្វើការលក់គម្រោងក្លែងក្លាយ។
អាជ្ញាធរក្នុងសង្កាត់ទី ១២ នៃទីក្រុងហូជីមិញក៏បានឲ្យដឹងថាតំបន់ Thanh Xuan មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើដីសម្រាប់កសិកម្មផងដែរ។ ក្នុងវិស័យអាផាតមិន ទីក្រុងហូជីមិញមើលឃើញមានគម្រោងថ្មីៗតែ ១៥ គម្រោងទេកាលពី៥ខែដំបូងដែលសរុបមាន ៣ពាន់យូនីត។ លោក Le Hoang Chau ដែលជាប្រធានសមាគមន៍អចលនទ្រព្យប្រចាំទីក្រុងហូជីមិញបាននិយាយថា ទីក្រុងមិនមានការផ្គត់ផ្គង់អាផាតមិនគ្រប់គ្រានឡើយព្រោះទីក្រុងនេះបានកាត់បន្ថយការផ្តល់ការអនុញ្ញាតឲ្យមានការសាងសង់គម្រោងជាច្រើន។
យ៉ាងណាក្តី ក្រុមហ៊ុនអចលនទ្រព្យកំពុងតែគិតថាទីផ្សារផ្ទះអាចនឹងល្អប្រសើរឡើងវិញ។ លោក Le Tien Vu ដែលជាអនុប្រធានក្រុមហ៊ុន Cat Tuong Group បាននិយាយថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាក្នុងទីផ្សារអចលនទ្រព្យគឺជាមុខសញ្ញាវិជ្ជមានមួយ។ លោក Tran Quoc Dai ដែលជាអនុប្រធានផ្នែកសាងសង់ផ្ទះក្រោមនាយកដ្ឋានសាងសង់បាននិយាយថា រោងចក្រជាច្រើនបានប្តូរទីតាំងពីប្រទេសចិនទៅកាន់វៀតណាម ដោយមានរោងចក្រជាច្រើនប្តូរទៅទីក្រុងហូជីមិញ។
ដើម្បីទប់ទល់នឹងតម្រូវការ ទីក្រុងហូជីមិញបានសាងសង់តំបន់ឧស្សាហកម្មថ្មីមួយនៅតំបន់ Sai Gon ខាងត្បូង និងសង្ឃឹមថាអាចពង្រីកតំបន់ឧស្សាហកម្មដែលមានស្រាប់បន្ថែម។ លោកបានបន្ថែមថាការធ្វើដូច្នេះក៏ជំរុញដល់ទីផ្សារអចលនទ្រព្យដែរព្រោះតម្រូវការផ្ទះនឹងកើនឡើង៕
ចែករំលែកព័តមាននេះ