ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត កើតឡើងលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ168-169 នៅវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី២៥ ឧសភា ក្នុងភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តធុនធំ២គ្រឿងបុកក្នុងទិសដៅបញ្ច្រាសគ្នាដដែល ខណៈខុសគ្នាត្រឹមតែប្រមាណជា៤ម៉ោងប៉ុណ្ណោះ ក៏កើតគ្រោះថ្នាក់ជាថ្មីទៀត ។ គួររំលឹកថា៖ អត់ដឹងល្បឿនគាត់ប៉ុន្មាននោះទេ…សឹងតែម្ខាងៗខ្ទេចជីវិតទៅហើយ
សេចក្តីរាយការណ៍បន្តថា ក្នុងគ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់របួសជើងឆ្វេងធ្ងន់ មានឈ្មោះញិល ម៉េងឡុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទន្សោងស្លាប់ ឃុំព្រៃចា ខេត្តកំពង់ចាម ដោយត្រូវបានគេជួយយកចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះភ្លាមៗ ។ ហើយភាគីរថយន្តម្ខាងទៀត គឺមិនមានអ្នករងរបួសទេ ។
ប្រភពបន្តថា នេះជាករណីទី២ក្នុងថ្ងៃដដែល ដោយខុសគ្នាត្រឹមតែប្រមាណជា៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីកាលពីម៉ោងជិត០៧ព្រឹកមិញ នៅស្រុកកំពង់សិលា ដែលជាស្រុកជាប់គ្នា ទើបតែកើតមានរថយន្តធុនធំ២គ្រឿងបុកគ្នាដែរ ។
គួរកត់សម្គាល់ថា គ្រោះថ្នាចរាចរណ៍ក្នុងស្រុកព្រៃនប់ គិតត្រឹមរយៈពេល៣ថ្ងៃនេះ ពិសេសនៅផ្លូវជាតិលេខ៤ គឺមាន៦ករណីហើយ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះ មានម្នាក់ជាជនជាតិចិន និងម្នាក់ជាក្មេងស្រីអាយុ៤ឆ្នាំ ។ ហើយមនុស្ស៨នាក់ទៀត ក្នុងនោះមានជនជាតិចិន៤នាក់ បានរងរបួសធ្ងន់-ស្រាល ។ សូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា សម្រាប់អ្នកដំណើរតាមផ្លូវ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ